ស្ត្រីមានតួនាតីសំខាន់ក្នុងសកម្មភាពលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ
Cambodia News
ដោយ៖ ហេង នាង
កាលពីថ្ងៃទី២៣ សីហា ២០១២ នៅក្នុងពិធីបើកវេទិកាអនុវត្តន៍ផែនការ ៣ឆ្នាំដំបូងរបស់សាលារាជធានីភ្នំពេញ នៅសាលាខណ្ឌ ដូនពេញ លោកស្រី កែ ចន្ទដួង ប្រធានស្តីទីស្តីនៃមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានលើកឡើងថា «ស្ត្រីមានតួនាតីសំខាន់នៅ ក្នុងការកសាងសង្គម និងការលើកកម្ពស់សិទ្ធិមនុស្សសមភាពយ៉េនឌ័រ ជាពិសេសស្ត្រីមានលទ្ធភាពក្នុងការចូលរួមអនុវត្តន៍ គោលនយោបាយភូមិឃុំសុវត្ថិភាព»។
លោកស្រី កែ ចន្ទដួង បានបន្តថា នៅគ្រប់បណ្តាសង្កាត់ក្នុងរាជធានីភ្នំពេញ ដែលមូលដ្ឋានរបស់ខ្លួនមានបញ្ហាត្រូវតែលើកយក មករកដំណោះស្រាយ ជាពិសេសដើម្បីទប់ស្កាត់រាល់អំពើហិង្សាក្នុងគ្រួសារ ឬសហគមន៍របស់ខ្លួន។
ជាមួយគ្នានោះដែរ លោក រស់ សុខា ទីប្រឹក្សាអនុវត្តន៍ផែនការ ៣ឆ្នាំដំបូងរបស់សាលារាជធានីភ្នំពេញ បាននិយាយថា កន្លងមក យើងឃើញថា មានការចូលរួមយ៉ាងច្រើនពីបណ្តាស្ថាប័នពាក់ព័ន្ធ ជាពិសេសសកម្មភាពលើកកម្ពស់ស្ត្រី តាមសមភាពយ៉េនឌ័រ នៅទូទាំងប្រទេស ពីព្រោះការអភិវឌ្ឍសេវាសង្គម មានភាពចំបាច់សម្រាប់កាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ និងការជួយ ដល់កុមារងាយរងគ្រោះ។
មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានធ្វើការអប់រំបណ្តុះបណ្តាលមន្ត្រី នៅជុំវិញសាលារាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញ ដល់ការអនុវត្តការងារផ្នែកផ្តល់សេវាសង្គម ដើម្បីលុបបំបាត់អំពើហិង្សា ការជួញដូរកុមារ និងភូមិឃុំសុវត្ថិភាព ព្រមទាំងលើក កម្ពស់ស្ត្រី និងសមភាពយ៉េនឌ័រ៕