តារាចំរៀងដ៏ល្បីប្រចាំហង្សមាស រួមទាំងសិល្បៈករពិធីករជាច្រើននាក់ បាននឹងកំពុងឆ្លងកូវីដ_19
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៩ មីនា ២០២១) ៖ ប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លងកូវីដ១៩ ព្រមទាំងអ្នកចម្រៀងហង្សមាសច្រើននាក់ ដូចជា ណុប បញ្ញារិទ្ធ ក៏ឆ្លងដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ខាងក្រុមគ្រូពេទ្យ បានចុះទៅយកប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំងលោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ នៅយប់ថ្ងៃទី៨មីនានេះ។
ជាមួយនឹងការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ ដូច្នេះ ក៏មានសេចក្តីរាយការណ៍មកថា ពិធិការិនីហង្សមាស លោកស្រី កែវ ចាន់និមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។ លោកស្រី កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ប្តី និងកូនស្រីរបស់គាត់ អាយុ ១០ ឆ្នាំ បានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃទី៧មីនាមិញនេះ ហើយលទ្ធផលចេញមក មានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។
រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។ ដោយឡែក លោកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន។
សេចក្តីរាយការណ៍ខាងលើនេះ បានធ្វើឡើងខណៈដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី៨ ខែមីនានេះថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករច្រើននាក់។ សម្តេចបានប្រកាសឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចបុគ្គលិក ៩០% ធ្វើការពីផ្ទះ។ ក្រុមហ៊ុនឯកជន ក៏ដូចគ្នា ត្រូវរៀបចំកាត់បន្ថយបុគ្គលិក ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបវេនធ្វើការឆ្លាស់វេនគ្នា ដើម្បីកាត់បន្ថយការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងនៅតាមផ្លូវធ្វើដំណើរផង៕