ក្នុងអំឡុងជំងឺកូវីដ១៩ ក្រុមហ៊ុនសង់លំនៅដ្ឋាន KP ម៉ន ដានី ផ្តល់ការងារជាងមួយម៉ឺនកន្លែង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ កុម្ភៈ ២០២១) ៖ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន KP ម៉ន ដានី បានជួយបង្កើតការងារប្រហែល ១០,០០០ កន្លែងជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនក្នុងអំឡុងជំងឺកូវីដ១៩។

លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានវីឡា KP ម៉ន ដានី បានថ្លែងប្រាប់ពីការផ្តល់ការងារដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជាថ្ងៃដែលក្រុមហ៊ុនប្រកាសចាប់ផ្តើមលក់ជាផ្លូវការនូវគម្រោងលំនៅដ្ឋានវីឡាប្រណីតថ្មីខ្នាតធំលើផ្ទៃដីចំនួន ១២៥ ហិចតា ស្ថិតនៅលើផ្លូវជាតិលេខ៣ ចម្ងាយ ១៧ គីឡូម៉ែត្រពីរង្វង់មូលចោមចៅ។

ទស្សនវិស័យរបស់ក្រុមហ៊ុន KP ម៉ន ដានី គឺចង់ឃើញប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈមានលំនៅដ្ឋានមួយសមរម្យ កក់ក្តៅ និងរស់នៅក្នុងសហគមន៍មួយប្រកបដោយសុវត្ថិភាព សន្តិសុខ និងមានបរិស្ថានបៃតងស្រស់បំព្រងក្រោមដំបូលសន្តិភាព។

ការងារដែលក្រុមហ៊ុន KP ម៉ន ដានី ផ្ដល់ជូន គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជនដែលមានជំនាញផ្នែកគូសប្លង់ វិស្វករ គណនេយ្យ ហិរញ្ញវត្ថុ ផ្នែកលក់ និងទីផ្សារឌីជីថល និងយុវជនរាប់សិបនាក់ទៀតកំពុងហាត់ការផ្នែកទំនាក់ទំនងសាធារណៈ។

រហូតមកទល់ពេលនេះ ក្រុមហ៊ុន KP ម៉ន ដានី បានចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ដូចជាផ្លូវបេតុង និងលូជាដើម សរុបជាថវិកាជិត ១,០០០,០០០ ដុល្លារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាកពេលដែលកម្ពុជាជួបគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនបុរី KP ម៉ន ដានី ក៏បានជួយឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង រួមមានអំណោយជាអង្ករ ២០ តោន ត្រីខ ៩,៨០០ កំប៉ុង មី ៤,០៧៦ កេស ទឹកបរិសុទ្ធ ៤,០០០ កេស និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

ក្រុមហ៊ុន KP ម៉ន ដានី ក៏បានបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕

 

Related Articles

Back to top button
Close
Close