​សម្តេច​តេជោ បានចេញ​បទបញ្ជា​​​ចំនួន៦ចំណុចអំពី​ការផ្ទុះ​ឡើង នៃ​ការឆ្លង​រាលដាល​នៃ​កូ​វីដ​១៩ជា​សហគមន៍ជា​ថ្មី​ទៀត

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២០ កុម្ភៈ ២០២១) ៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជានាចក្រ​កម្ពុជា​បានចេញ​បទបញ្ជា​និង​អំពាវនាវ​ទៅកាន់​រួម​ជាតិ​អំពី​ការផ្ទុះ​ឡើង នៃ​ការឆ្លង​រាលដាល​នៃ​កូ​វីដ​១៩ជា​សហគមន៍​ថ្មី​ទៀត​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី ១៩​ខែកុម្ភៈ​ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន​៣២​នាក់​បាន​ឆ្លង​កូ​វីដ​១៩តែ​ក្នុង​រយៈពេល ប្រមាណ​ជាង ១០​ម៉ោង​តែប៉ុណ្ណោះ ។

សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖

១-សម្តេចតេជោស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ ។

២- បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។

៣- អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត នឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

៤- ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់មកធ្វើតេស្តផងដែរ ៥- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាកជាចាំបាច់បំផុត។

៦- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ ឲ្យបានជាប់លាប់ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចបាន​បញ្ជាក់​ថា អ្នក​ដែល​ឆ្លង​កុ​វីដ​១៩​នេះ​គឺជា​ជនជាតិ​ចិន​ដែល​ប្រភព​ត្រូវ​បានដឹងថា​ឆ្លង​ចេញពី​អ្នក​ដែល​ទៅ​កំសាន្ត​នៅ​ក្លឹប N8 ដែលមាន​ទីតាំងនៅ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ការឆ្លង​នេះ​ថា​ជា​ព្រឹត្តិការណ៍​សហគមន៍​«២០​កុម្ភៈ​»​ដោយ​សម្តេច​ចាត់ ទុកជា​ស្ថានភាព​ដ៏​អាក្រក់​សម្រាប់​កម្ពុជា​ក្នុងពេលដែល​កម្ពុជា​កំពុងតែធ្វើការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​កូ​វីដ​១៩ ដែល​នាំចូល​ពី​ប្រទេស​ថៃ​និង​ការរីក​រាលដាល​ពី​វៀតណាម ។

តែ​ទោះបីយ៉ាងណា​សម្តេច​សង្ឃឹម​ថា​ព្រឹត្តិការណ៍​២០​កុម្ភៈ អាច​នឹងត្រូវ​បិទ​បញ្ចប់​បាន​ក្នុង​រយៈពេល​មិន​លើសពី​មួយខែ​ទេ​ព្រោះ​អាជ្ញាធរ​បាន​គ្រប់គ្រង​សភាពការណ៍​បាន​ទាន់ ពេលវេលា៕

 

 

Related Articles

Back to top button
Close
Close