បើគិតក្នុងតំបន់អាស៊ានកម្ពុជាគឺជាប្រទេសទី៤ ដែលចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំងកូវីដជាផ្លូវការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ កុម្ភៈ ២០២១) ៖ កម្ពុជាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ របស់ចិន Sinopharm ហើយចាប់ពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះទៅ បើគិតក្នុងតំបន់អាស៊ានកម្ពុជាគឺជាប្រទេសទី៤ ដែលចាប់ផ្តើមដំណើរការកម្មវិធីនេះជាផ្លូវការ។
ប្រទេសដំបូងគេនៅតំបន់អាស៊ានដែលដំណើរការកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ គឺប្រទេសសិង្ហបុរី ក្នុងនោះគឺចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។ ទីពីរ គឺប្រទេសឥណ្ឌូណេស៊ី ដែលបានដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac Biotech កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ មីយ៉ាន់ម៉ា ជាប្រទេសទីបីក្នុងតំបន់ដែលចាក់វ៉ាក់សាំងកូវីដ១៩ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ឥណ្ឌា Covishishield កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
ដោយឡែកប្រទេសឡាវក៏បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន ឱ្យគ្រូពេទ្យជួរមុខរបស់ខ្លួនរាប់រយនាក់រួចមកហើយដែរ ប៉ុន្តែមិនមែនស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការនោះទេ៕