បន្ទាប់ពីស្ងាត់ជិត២ខែ វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ជាថ្មី
សារព័ត៌មាន Cambodia News/
វៀតណាម (២៨ មករា ២០២១) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសនេះមិនមានការឆ្លងក្នុងសហគមន៍សោះរយៈពេល៥៥ថ្ងៃ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីឆ្លងកូវីដ១៩លក្នុងសហគមន៍ចំនួន២ករណី នៅខេត្តភាគខាងជើង Hai Duong និង Quang Ninh ។
អ្នកជំងឺទី១៥៥២ គឺជាស្ត្រីអាយុ៣៤ឆ្នាំដែលធ្វើការឲ្យក្រុមហ៊ុន Vietnam Poyun Electronics Co., Ltd. ក្នុងខេត្ត Hai Duong។ នាងរស់នៅHung Dao នៃទីប្រជុំជន Chi Linh និងបានទំនាក់ទំនងជិតស្និទ្ធជាមួយកម្មការិនីម្នាក់ផ្សេងទៀតក្នុងទីប្រជុំជននេះ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានកូវីដនៅពេលត្រឡប់មកពីប្រទេសជប៉ុនវិញកាលពីសប្តាហ៍មុន។
គេមិនទាន់ច្បាស់ទេថាតើស្ត្រីរូបនេះដែលបានចាកចេញពីប្រទេសវៀតណាមទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី ១៧ ខែមករាបានឆ្លងវីរុសនេះឬយ៉ាងនោះទេ។ ជុំវិញករណីអាជ្ញាធរសុខាភិបាល Hung Dao បានបើកការស៊ើបអង្កេតដើម្បីតាមរកមនុស្សទាំងអស់ដែលបានទាក់ទងជាមួយនាង។
ចំណែកអ្នកជំងឺទី១៥៥៣ គឺជាបុគ្គលិកអាយុ៣១ឆ្នាំនៅអាកាសយានដ្ឋានអន្តរជាតិ Van Don ក្នុងខេត្ត Quang Ninh និងរស់នៅក្នុងតំបន់ Hong Ha របស់ខេត្តនេះ។ ដោយធ្វើការនៅអាកាសយានដ្ឋាន គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សជាច្រើនដែលបានវិលត្រឡប់មកពីបរទេស។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះ ប្រទេសវៀតណាមមានករណីកូវីដសរុប១,៥៥៣ករណី ស្លាប់៣៥នាក់និងជាសះស្បើយ ១,៤៣០នាក់៕