ពលករខ្មែរជិត១០០០នាក់ត្រូវបានអាជ្ញាធរថៃដាក់បម្រាមមិនឲ្យចាកចេញពីខេត្តខនកេន
សារព័ត៌មាន Cambodia News/
ថៃ (២៥ ធ្នូ ២០២០) ៖ កាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា អាជ្ញាធរថៃបានចេញបម្រាម មិនឲ្យពលករខ្មែរប្រមាណ ជិត១០០០នាក់ ចាកចេញពីខេត្តខនកេន ទៅកាន់ខេត្តណាមួយផ្សេងឡើយ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះជាសហគមន៍និងរាលដាលដល់២៥ខេត្តនៅប្រទេសថៃ ។
ពលករខ្មែរចំនួន ៨៣៨នាក់ ក្នុងចំណោមពលករដែលបានចុះឈ្មោះធ្វើការដោយស្របច្បាប់សរុប ៧១៤០នាក់ នឹងត្រូវដាក់បម្រាមមិនឲ្យចាកចេញពីខេត្តខនកេន ពីសំណាក់អាជ្ញាធរថៃ បន្ទាប់ពីមានករណី ផ្ទុះកូវីដ១៩ ក្នុងសហគមន៍នៅខេត្តសាមុតសាខន ចម្ងាយ៤០០គីឡូម៉ែតពីខេត្តខនកេន។
តាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា បញ្ជាក់ថា ក្នុងចំណោមពលករទាំងអស់ ពលករចំណាកស្រុករបស់ប្រទេសមីយ៉ាន់ម៉ា មានចំនួន ៣៨៣៤នាក់ និងពលករឡាវ ២៤៦៨នាក់ ក៏កំពុងធ្វើការនៅខេត្តខនកេនដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Penwadee Rattakul ប្រធានផ្នែកការងារប្រចាំខេត្តខនកេន៕