សម្តេចតេជោ នឹងមានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធ​ស្ថានភា​ព​ជំងឺ​កូវីដ១៩ ​នៅ​​ថ្ងៃ​ស្អែក​នេះ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៤ ធ្នូ ២០២០) ៖ ​ នៅថ្ងៃ​ស្អែក ​វេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានការផ្សាយផ្ទាល់ពិសេស ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩​​។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីគេហដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ សម្តេចតេជោក៏នឹងមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៣៥៩នាក់ (ស្រី ៨៤នាក់ និងបុរស ២៧៥នាក់)។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់៕ ដោយ ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close