ក្រសួងអប់រំដាក់ចេញវិធានការមួយចំនួនសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្គលិក និងសិស្សមានការពាក់ព័ន្ធនឹងគណៈប្រតិភូហុងគ្រី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៥ វិច្ឆិកា ២០២០) ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០​ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពី វិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬសិស្សានុសិស្សមានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូនៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា។

ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

 គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូ របស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។

 បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង១៤ ថ្ងៃ សាស្ត្រាចារ្យ បុគ្គលិកអប់រំសិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

 គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និង បន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុ ការណ៍របស់ក្រសួងសុខាភិបាល

 គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ ពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន៕

Related Articles

Back to top button
Close
Close