សាលារៀនដែលរកឃើញថាមានករណីឆ្លងវីរុសកូវីដ-១៩ អាចប្រឈមនឹងការបិទជាថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ វិច្ចិកា ២០២០) ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានចុះពិនិត្យលើដំណើរការបើកសាលាឡើងវិញក្នុងដំណាក់ទី៣ នៅវិទ្យាល័យជា ស៊ីម សន្ធរម៉ុក កាលពីព្រឹកថ្ងៃទី០២ វិច្ឆិកា។
ការបើកដំណើរការសាលាឡើងវិញនៅពេលនេះ លោក ហង់ ជួនណារ៉ុន បានលើកឡើងថា នៅតែមានហានិភ័យនៅឡើយ ប៉ុន្តែ វាអាចដំណើរការជាប្រក្រតី ដោយសារការបង្រៀនត្រូវបែងចែកជា២វេន គឺសិស្សពាក់កណ្តាលរៀនអានឡាញ និងពាក់កណ្តាលទៀតមករៀនក្នុងថ្នាក់ និងម្យ៉ាងទៀត រដ្ឋាភិបាលកំពុងគ្រប់គ្រងកុំឱ្យមានការឆ្លងជំងឺយ៉ាងមានប្រសិទ្ធភាព។
លោកថា ប្រសិនបើមានករណីឆ្លងវីរុសកូវីដ-១៩នៅក្នុងសាលារៀន នោះក្រសួងអប់រំនឹងធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាលដើម្បីបិទសាលារៀននោះ។ លោករដ្ឋមន្ត្រីបន្ថែមថា ចំពោះការបិទសាលារៀនទៀតសោត គឺក្រសួងនឹងពិចារណាថាត្រូវបិទសាលារៀននៅទូទាំងទីក្រុងភ្នំពេញឬយ៉ាងណា បើសិនជាមានករណីឆ្លងវីរុសថ្មីនេះនៅក្នុងសាលារៀន៕