សម្តេចតេជោ រំលឹក និងផ្ដាំថា បើចង់មានសន្តិភាពផ្លូវចិត្ត កុំប្រព្រឹត្តអំពើល្មើសច្បាប់
សារព័ត៌មាន Cambodia News/
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញ បន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រំលឹក និងផ្ដាំផ្ញើថា បើចង់មានសន្តិភាពផ្លូវចិត្ត កុំប្រព្រឹត្តអំពើល្មើសច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្លះថា កម្ពុជាមិនទាន់មានសន្តិភាពខាងផ្លូវចិត្តទេ។ គេថា សន្តិភាព ទាល់តែមានទាំងអស់។ វាមានសន្តិភាព ទាំងរូបិយ និងទាំងអរូបិយ។ គេចង់និយាយថា គេមិនទាន់មានសន្តិភាពខាងផ្លូវចិត្តទេ។ ខ្ញុំគ្រាន់តែចង់ថាត្រឡប់ទៅវិញថា បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើអីឲ្យខុស។ អាហ្នឹង វាមានសន្តិភាពហើយ! ហើយបើខ្លួនឯងធ្វើខុសច្បាប់។ ខ្លួនឯង នៅតែភ័យខ្លាចរហូត»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «សន្តិភាពផ្លូវចិត្ត មិនមែនរាប់តែប្រជាពលរដ្ឋ ដែលអនុវត្តខុសជាមួយនឹងច្បាប់របស់រដ្ឋទេ! បុរសដែលក្បត់ប្រពន្ធ ក៏អត់មានសន្តិភាពខាងផ្លូវចិត្តដែរ! ក្រែងលោ ប្រពន្ធដឹង! ស្ត្រីដែលមានសហាយ ក៏មិនមានសន្តិភាពផ្លូវចិត្តដែរ ក្រែងលោ ប្តីដឹង! អីចឹងឲ្យតែកាលណាធ្វើខុស គឺអត់មានសន្តិភាពផ្លូវចិត្តទេ។
សម្តេចតេជោបន្តថា អាហ្នឹង ខ្ញុំគ្រាន់តែចង់ផ្តាំថា បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើអីដែលខុស! មិនថា ជាកំហុសទៅលើផ្លូវរដ្ឋ ឬកំហុសទៅលើបញ្ហាសាសនា ឬកំហុសលើបញ្ហានៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែអ្វីដែលប្រាកដ គឺរូបិយនេះ សន្តិភាពរូបិយ គឺគ្មានការប្រយុទ្ធវ៉ៃគ្នាទេ ហើយយើងកំពុងតែបំផ្លាញចោលគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋរបស់យើង»៕