ព្យុះ​ និង​ទឹកជំនន់​ផ្ដាច់ជីវិត​ប្រជា​ជន​វៀតណាម​កើន​ដល់​២៣​នាក់ និង​ច្រើន​នាក់​កំពុង​បាត់​ខ្លួន​

សារព័ត៌មាន​ Cambodia News/

វៀតណាម ៖ អាជ្ញាធរ​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​យ៉ាងហោចណាស់​មនុស្ស​ចំនួន២៣នាក់​បាន​ស្លាប់ ​និង​ជាច្រើន​នាក់​កំពុង​បាត់​ខ្លួន​បន្ទាប់ពី​ទឹកជំនន់​បាន​ជន់​លិច​ផ្ទះ​ជាច្រើន​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​រូបភាព​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានបង្ហាញ​ពី​ភូមិ​ទាំងមូល​នៅក្រោម​ទឹក​ក្នុង​ខេត្ត Quang Tri និង ខេត្ត Quang Nam ខណៈ​ទឹកជំនន់​បាន​បោកបក់​ពេញ​តំបន់ Imperial City នៃ​ទីក្រុង Hue និង​កន្លែង​ទេសចរណ៍ Hoi An ផងដែរ​កាលពី​ចុង​សប្តាហ៍​។​

​កង​កម្លា​ង​យោធា​បានធ្វើការ​ជួយសង្គ្រោះ​តាម​ឧទ្ធម្ភាគចក្រ​ដល់​អ្នកនេសាទ ៨ នាក់​ដែល​ត្រូវបាន​ទឹក​ហូរ​យកទៅ​បាត់​នៅ​សមុទ្រ​ក្នុង​ខេត្ត Quang Tri។ ​ក្នុងចំណោម​អ្នកនេសាទ​៨​នាក់ មាន​៣​នាក់​ស្លាប់​និង​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​

​ប្រទេស​វៀតណាម​តែងតែ​ទទួលរង​ប៉ះពាល់​ជា​ញឹកញាប់​ដោយ​អាកាសធាតុ​ដ៏​អាក្រក់​នៅ​រដូវវស្សា​ចន្លោះ​ខែមិថុនា ​និង​វិច្ឆិកា ជាពិសេស​តំបន់ឆ្នេរ​កណ្តាល​ងាយ​រងគ្រោះ​បំផុត​។ ប្រទេស​នេះ​កំពុង​ទទួលរង​ព្យុះ​មួយទៀត​ដែល​កើតចេញពី​សមុទ្រ​ចិន​ខាងត្បូង និង​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងទៀត​។​

​ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ព្យុះ Nangka ដែល​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងធ្វើ​ឱ្យមាន​ការបាក់​ដី​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ពុធ​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងជើង ​និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​សុក្រ​។​

​យោងតាម​ការិយាល័យ​ស្ថិតិ​ទូទៅ​ពី​អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹងថា មនុស្ស​ប្រមាណ​១៣២​នាក់​ត្រូវបាន​រាយការណ៍​ថា​ បាន​ស្លាប់ ​ឬ​បាត់​ខ្លួន​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នៅ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំមុន​៕

 

Related Articles

Back to top button
Close
Close