សម្តេចតេជោ ប្រកាស​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភដល់​​អ្នក​ងាយ​រងគ្រោះដោយសារ​កូ​វីដ​១៩ រយៈពេល៣​ខែ​ទៀត

សារព័ត៌មាន​ Cambodia News/

ខេត្តកណ្តាល​ (៧ តុលា ២០២០) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ រយៈពេល ៣​ខែ​បន្ថែមទៀត ដល់​គ្រួសារ និង​អ្នក​ងាយ​រងគ្រោះ ក្នុងអំឡុងពេល កូ​វីដ​១៩​។

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដូច្នេះ ក្នុងពេល​សម្តេច អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០​។

សម្តេចបញ្ជាក់ថា ក្រុមគ្រួសារ និង​អ្នក​ងាយ​រងគ្រោះ ដោយសារ​ជំងឺ​កូ​វីដ​១៩ ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ចាប់តាំងពី​ខែមិថុនា មកដល់​ខែតុលា​នេះ មាន​ចំនួន ៦០​ម៉ឺន​គ្រួសារ ប្រមាណ​ជាង ៣​លាន​នាក់​។​

ក្រៅពីនោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសបន្ត​គ្រប់​វិធានការឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាលត្រូវ​បន្ត​រយៈពេល៣​ខែ​ទៀត ដូចជា ការឧបត្ថម្ភ​ធនបន្ថយ និង​លើកលែង​ពន្ធ​ដល់​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ដែល​រង​ផលប៉ះពាល់​ដោយ ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ការឧបត្ថម្ភ​ដល់ បុគ្គលិក​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ព្រមទាំង​ការបន្ត​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ដែល​សម្រាលកូន ជាដើម​។​

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ទាំងអស់ចំនួន២៨០នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤នាក់៕

Related Articles

Back to top button
Close
Close