អ្នកកាសែតម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណ វាយបែកក្បាលបណ្តាលឲ្យស្លាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កញ្ញា ២០២០) ៖ កាលវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បុរសជាអ្នកសារព័ត៌មានម្នាក់ត្រូវបានគេ ប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ស្ថិតតាមបណ្ដោយផ្លូវបេតុខាងមុខរោងចក្រខ្ចូអឹមអាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយសារគេវាយនឹងវត្ថុរឹងចំក្បាលពីក្រោយ។
សពរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន CBN ទូរស្សន៍អនឡាញ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ C125 ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IG 1507 ជិះតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតខាងលើ ស្រាប់តែឃើញជនសង្ស័យម្នាក់ ដេញតាមពីក្រោយមួយសន្ទុះក៏ស្ងាត់ទៅវិញ។
ប៉ុន្តែពេលប្រជាពលរដ្ឋបានមកមើល ស្រាប់តែឃើញបុរសខាងលើបែកក្បាលស្លាប់ក្នុងថ្លុកឈាម រួចហើយក៏រាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុតែម្ដងបានពិនិត្យឃើញនៅកន្លែងកើតហេតុមានបន្សល់ទុកឈើជ្រុងមួយ មួកសុវត្ថិភាព២ ស្បែកជើង២គូ និងមួកក្រណាត់ចំនួន២ផងដែរ ៕