ខណៈចំនួនអ្នកស្លាប់កើនលើស២៥.០០០នាក់ អ៊ីរ៉ង់ត្រៀមខ្លួនប្រយុទ្ធនឹងជំងឺកូវីដ១៩រលកទី៣
សារព័ត៌មាន Cambodia News/
អ៊ីរ៉ង់ (២៥ កញ្ញា ២០២០) ៖ ចំនួនអ្នកស្លាប់ដោយសាជំងឺកូវីដ១៩នៅអ៊ីរ៉ង់បានកើនលើស២៥.០០០ នាក់ដែលជាចំនួនខ្ពស់បំផុតនៅមជ្ឈឹមបូព៌ា ខណៈដែលករណីឆ្លងនៅតែបន្តកើនឡើង។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
ក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន១៧៥នាក់កាលពីថ្ងៃព្រហស្បតិ៍ និងករណីថ្មី៣,៥២១ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលធ្វើឲ្យករណីសរុបរបស់ប្រទេសនេះកើនដល់៤៣៦,៣១៩ករណី។ ក្រសួងបាននិយាយថា វាជាបញ្ហាមុនពេលរលកទី៣នៃជំងឺរាតត្បាតនេះវាយប្រហារលើប្រទេសអ៊ីរ៉ង់ហើយបើយោងតាមអ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា រលកទីបីអាចអាក្រក់ជាងរលកពីរលើកដំបូងទៅទៀត។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Sima Lari បានប្រាប់ទូរទស្សន៍រដ្ឋថា ក្នុងរយៈពេល៣០ថ្ងៃកន្លងមកនេះ អ្នកឆ្លងវីរុសកូរ៉ូណាចំនួន៥,០០០នាក់បានស្លាប់ហើយការឆ្លងថ្មីចំនួន៨០,០០០ករណីត្រូវបានចុះបញ្ជី។
ប្រទេសអ៊ីរ៉ង់បាននិងកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ខណៈតួលេខបានបង្ហាញពីការកើនឡើងនៃករណីឆ្លងនិងស្លាប់ថ្មី។ ស្ថានការណ៍ត្រូវបានគេរាយការណ៍ថា មានភាពធ្ងន់ធ្ងរនៅក្នុងទីក្រុងធំៗជាពិសេសរដ្ឋធានីតេអេរ៉ង់ដែលមានប្រជាជនរស់នៅ១៣លាននាក់៕