ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន៣នាក់ជាករណីនាំចូល និងជាសះស្បើយ២នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ សីហា ២០២០) ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន០៣នាក់ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី និងអ្នកជំងឺចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ថ្មីនេះរួមមាន ៖ បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
បុរសទាំងបីនាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ពួកគេត្រូវបានបញ្ជូនឱ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសវីដ១៩។ បច្ចុប្បន្ន អ្នកជំងឺទាំង៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។
ដោយឡែកអ្នកដែលព្យាបាលឱ្យជាសះស្បើយ២នាក់រួមមាន ៖ បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ និងបុរសអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បុរសទាំងពីរនាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាស្បើយ និងទទួលពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលចាក់អង្រែ៕