ក្រសួងអប់រំ អនុញ្ញាតឲ្យដំណើរការសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីសាធារណៈឡើងវិញតែត្រូវគោរពតាមវិធានសុវត្ថិភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កក្កដា ២០២០) ៖ សកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ នៅតាមរាជធានី-ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យដំណើរការឡើងវិញតែតម្រូវឲ្យគោរពតាមវិធាន សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឲ្យបាន ត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់កូវីដ១៩។
តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំងអស់ត្រូវបន្ត គោរពតាមវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាង ត្រឹមត្រូវ និងម៉ឺងមាត់ដូចខាងក្រោម៖
១៖ រក្សាអនាម័យជាប្រចាំ ដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្ដៅ
២៖ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ
៣៖ ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
៤៖ ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩៕