ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន០៩នាក់បន្ថែមទៀតជាករណីនាំចូល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កក្កដា ២០២០) ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។
បុរសទាំង៩នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។
វត្ថុសំណាកលើកទីពីររបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ០៩នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
រីឯអ្នកដំណើរចំនួន៧០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នក វិជ្ជមានវីរុសកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយ ក្នុងរាជធានីភ្នំពេញ។
ក្នុងចំនួនអ្នកដំណើរ ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ សរុបមានបុរសចំនួន២៤នាក់ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ៕