ក្លិបអ្នកកាសែតកម្ពុជាប្រកាស​រៀបចំ​ការប្រកួតប្រជែងអត្ថបទសារព័ត៌មានទាក់​ទង​នឹង «កម្ពុជាក្នុង​បរិបទ​កូវីដ-១៩»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ មិថុនា ២០២០) ៖ ក្លិបអ្នកកាសែត​កម្ពុជា​យល់ឃើញថា កម្ពុជា មិនខុសពីប្រទេស​នានាលើសាកលលោក​នោះ​ទេ​បាន និងកំពុង​ទទួលរងនូវផលប៉ះពាល់យ៉ាង​ខ្លាំង​ទាំង​ផ្នែកសេដ្ឋកិច្ច សង្គម​ និងនយោបាយ ដោយ​​សារ​​តែការ​ផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬមេរោគកូរ៉ូណា​ប្រភេទថ្មីនេះ។

មិនតែប៉ុណ្ណោះ វត្តមាននៃជំងឺរាតត្បាតជាសាកលកូវីដ-១៩ ដែលបាន និងកំពុង​​ផ្លាស់​ប្តូរ​ទម្លាប់ និង វប្បធម៌​នៃការរស់នៅរបស់​មនុស្សលោកផងនោះ តម្រូវឱ្យមានប្រជាជាតិនីមួយៗរួមគ្នា ដើម្បី​​ទប់​ស្កាត់ និង​ទប់​ទល់នឹងជំងឺនេះ។ ក្នុងចំណោម​តួអង្គទាំងអស់ដែលត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ សារព័ត៌​មាន មានតួនាទីចាំបាច់មិនអាចខ្វះបានក្នុង​បេសកកម្មផ្តល់ព័ត៌មានអំពីការ​វិវត្ត និង​ការ​អប់​រំ​ស្តី​ពី​ការ​បង្ការ​ និងការពារការ​ឆ្លង​រាលដាលជំងឺកូវីដ-១៩ និងបច្ច័យ ឬ​ផល​ប៉ះពាល់​នានា​ដែល​បង្ក​ឡើង​ដោយ​​ជំងឺរាតត្បាត​នេះ។

ក្នុងន័យនេះក្លិបអ្នកកាសែត​កម្ពុជា (Club of Cambodian Journalists) មានកិត្តិយស​សូម​ប្រកាស​រៀបចំ ​​ការប្រកួតប្រជែងអត្ថបទសារព័ត៌មាន ទាក់ទងនឹង «កម្ពុជាក្នុង​បរិបទ​កូវីដ-១៩» សម្រាប់​​អ្នក​សារព័ត៌មានខ្មែរ​ដែលកំពុងបំពេញការងារនៅតាម​អង្គភាព ទូរទស្សន៍ វិទ្យុ កាសែត​បោះ​ពុម្ព         សារ​ព័ត៌​មានអនឡាញ​ និងអ្នកកាសែតឯករាជ្យ (Freelance Journalists) នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​។

I . លក្ខខណ្ឌនៃការចូលរួម

១- ការប្រកួតប្រជែងនេះ​ត្រូវបានបើកចំហសម្រាប់អ្នកកាសែតកម្ពុជាទូទៅ ( លើកលែង    សមាជិកគណៈកម្មាធិការនាយក និងបុគ្គលិករដ្ឋបាលនៃក្លិបអ្នកកាសែត​កម្ពុជា ) ។ អ្នកកាសែត​​​ស្ត្រី និង ​អ្នក​កាសែត​វ័យក្មេងត្រូវបាន​លើកទឹកចិត្ត។

២- ការប្រកួតនេះ បើកចំហសម្រាប់បេក្ខជនជាអ្នកសារព័ត៌មាន ទូរទស្សន៍ វិទ្យុ កាសែត​      បោះ​ពុម្ព ទស្សនាវដ្ដី​ សារព័ត៌មានអនឡាញ និងអ្នកកាសែតឯករាជ្យ (Freelance Journalists)។

៣- អត្ថបទ ដែលអាចដាក់ចូលរួមក្នុងការប្រកួតបានត្រូវតែជាប្រភេទអត្ថបទ បទ​យកការណ៍​។ អត្ថបទព័ត៌មានប្រចាំថ្ងៃ​ (hard news) នឹងមិនត្រូវទទួលយកឡើយ។

៤- អត្ថបទដែលត្រូវដាក់ចូលរួមក្នុងការប្រកួត ត្រូវតែជាអត្ថបទដែលត្រូវបាន​ចុះ​ផ្សាយ​នៅ​​តាម​អង្គភាព​របស់​ខ្លួន ឬអង្គភាពសារព័ត៌មានណាមួយរួចរាល់ហើយ មុនថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ ២០២០។

៥-​ អត្ថបទដែលត្រូវដាក់ចូលរួម ត្រូវតែជាអត្ថបទសារព័ត៌មានជាភាសាខ្មែរ។

II . ពានរង្វាន់ក្លិបអ្នកកាសែតកម្ពុជា

ក្លិបអ្នកកាសែតកម្ពុជាបានសម្រេចកំណត់ឱ្យមានជ័យលាភីចំនួន​៥ ដែលនឹងទទួល​រង្វាន់​ដូច​តទៅ៖

១. ជ័យលាភីលេខ ១ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ២លាន រៀល និងពាន១

២.ជ័យលាភីលេខ ២ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១លាន២សែន រៀល និងពាន ១

៣. ជ័យលាភីលេខ ៣ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨ សែនរៀល និងពាន ១

៤. ជ័យលាភីលេខ ៤ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ៤សែន រៀល

៥. ជ័យលាភីលេខ ៥ នឹង​ទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ៤សែន រៀល

III . នីតិវិធី

– បេក្ខជនដែលចាប់អារម្មណ៍ចូលរួមប្រកួតប្រជែងស្នាដៃសារព័ត៌មាននេះ សូមផ្ញើ​សំណៅ​ឯក​សាររបស់ខ្លួនមកទីស្នាក់ការ​នៃ​ក្លិបអ្នកកាសែត​កម្ពុជាដែលមានអាសយដ្ឋាន ផ្ទះលេខ ១២ ផ្លូវលេខ ៥ (បុរី ប៉េងហួត មុខផ្សារ ប៉េសេ ផ្លូវ ៣៧១) ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ យ៉ាងយូរ​ត្រឹមថ្ងៃទី ១៣ ខែ​កក្កដា ឆ្នាំ ២០២០។​

–    ឬអាច​ទាក់​ទង​សួរ​ព័ត៌មានបន្ថែម និងដាក់ឯកសាររបស់​ខ្លួន​នៅក្នុងប្រព័ន្ធសង្គម​តេឡេក្រាម​របស់ លោក ហេង នាង តាម​រយៈ​លេខ​ទូរស័ព្ទ ០១០ ៧២ ១៤ ១៦ ។

បញ្ជាក់៖ សូមបេក្ខជន និងបេក្ខនារីទាំងអស់ភ្ជាប់អត្ថបទសំណៅដើមដែលបង្ហាញថា អត្ថបទ​ត្រូវបាន​ចុះផ្សាយរួចហើយ ជាមួយនឹងអង្គភាពសារព័ត៌មាន៕ ដោយ ៖ ហេង នាង​

Related Articles

Back to top button
Close
Close