បន្ទាប់ពីទឹករីងខះត្រីប្រាធំៗនៅក្នុងសិន្ធ វត្តប្រាសាទបាគងបានងាប់អស់ជាច្រើនក្បាល
សារព័ត៌មាន Cambodia News/
សៀមរាប (១០ មិថុនា ២០២០) ៖ តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានស្រុកប្រាសាទបាគង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនេះត្រីប្រាធំៗដែល ពលរដ្ឋយកទៅលែងនៅក្នុងទឹកសិន្ធវត្តប្រាសាទបាគង ក្នុងឃុំបាគង ស្រុកប្រាសាទបាគងបានងាប់ជាបណ្តើរៗអស់១៤ក្បាលដោយសារតែទឹកក្នុងសិន្ធ រីងស្ងួតអស់។
សមត្ថកិច្ចមូលដ្ឋានស្រុកប្រាសាទបាគង បាននិយាយថា ត្រីប្រាដែលត្រូវបានគេយកមកលែងក្នុងវត្តប្រាសាទបាគង ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា តាំងពីតូចៗក្នុងទឹកជ្រៅ រហូតដល់ធំ ក្នុងមួយក្បាលមានទម្ងន់ ជិតបួនគីឡូឯណោះ ត្រូវបានឃើញងាប់អណ្តែតបណ្តើរ អស់១៤ ក្បាល ក្នុងរយៈពេលពីរថ្ងៃនេះ។ ។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ចំពោះរឿងត្រីប្រាងាប់ អស់ចំនួន១៤ក្បាល រយៈពេលពីរថ្ងៃនេះ គឺ លោកបានដឹងហើយ ប៉ុន្តែលោកគ្មានសិទ្ធធ្វើអ្វីបានទាំងអស់បានត្រឹមតែជួយចុះមើលនឹងជ្រោមជ្រែងពីខាងក្រោយតែប៉ុណ្ណោះ ដោយសារក្នុងបរិវេណវត្តនេះ ក៏ដូចក្នុងទូទាំងស្រុកប្រាសាទបាគងដែរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
ជុំវិញករណីត្រី ប្រា ងាប់នៅសិន្ធ វត្តប្រាសាទបាគង នេះ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះថារឿងត្រីងាប់នេះ គឺដោយសារទឹករាក់ ហើយឡើងកំដៅ ។យើងពុំមានទឹកភ្លៀងសោះ។អ៊ីចឹង វា មានបញ្ហាលំបាក ធ្វើឱ្យត្រីនោះរងគ្រោះរហូតដល់ពុលងាប់៕ ដោយ ៖ សហការី