កូរ៉េខាងត្បូង​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន៧៩​នាក់​បន្ថែមទៀត​

សារព័ត៌មាន​ Cambodia News/

សេ​អ៊ូ​ល (២៨ ឧសភា ២០២០) ៖ ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង COVID-19 ថ្មីៗ​ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ រហូតដល់​ទៅ​៧៩​នាក់​បន្ថែមទៀត ដែលជា​តួលេខ​ខ្ពស់ មិន​ធ្លាប់​ដែល​បាន​ជួបប្រទះ៥០​ថ្ងៃ​មកហើយ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំង ៧៩​នាក់​ខាងលើនេះ​គឺមាន​៦៨ នាក់​ជា​ករណី​ផ្ទុះ​នៅក្នុងស្រុក ខណៈអាជ្ញាធរថា ករណីខាងលើករណីចម្លង​ជា​ចង្កោម នៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​មួយ​នៅ​តំបន់ Bucheon ខណៈ​អ្នកពាក់ព័ន្ធ​សរុប ៣,៦០០​នាក់​ត្រូវបាន​ណែនាំ​ឲ្យ​ទៅធ្វើ​តេស្ត​។​

​ដោយឡែក​សម្រាប់​ចំនួន​អ្នកស្លាប់​វិញ គឺ​ស្ថិតនៅ ២៦៩​នាក់​ដដែល​នៅក្នុង​ចំណោម​ករណី​ឆ្លង​សរុប ១១,២៦៥​ករណី​។ បន្ថែម​ពីនេះ​ចំនួន​អ្នក​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​ពី​ជំងឺ COVID-19 នៅ​កូរ៉េខាងត្បូង ក៏បាន​កើនឡើង​ដល់ ១០,២៩៥​នាក់​ផងដែរ ឬ​ស្មើនឹង ៩១.៤% នៃ​ចំនួន​ករណី​ឆ្លង​សរុប​៕

Related Articles

Back to top button
Close
Close