ក្រុមវេជ្ជសាស្ត្រជប៉ុន ៖ ម៉ាស់មានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កុមារអាយុក្រោម២ឆ្នាំ
សារព័ត៌មាន Cambodia News/
ជប៉ុន (២៧ ឧសភា ២០២០) ៖ ក្រុមវេជ្ជសាស្ត្រជប៉ុនបាននិយាយថា ក្មេងៗដែលមានអាយុក្រោម ២ ឆ្នាំមិនគួរពាក់ម៉ាស់នោះទេ ព្រោះអាចធ្វើឲ្យពួកគេពិបាកដកដង្ហើម និងបង្កើនហានិភ័យនៃការថប់ដង្ហើមផងដែរ។
លោកនាយករដ្ឋមន្ត្រី Shinzo Abe បានបញ្ចប់ការដាក់ប្រទេសក្នុងស្ថានភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងតំបន់ចំនួនបួនកាលពីថ្ងៃចន្ទ បន្ទាប់ពីចំនួននៃការឆ្លងបានធ្លាក់ចុះនៅទូទាំងប្រទេសជប៉ុន ប៉ុន្តែបានព្រមានថា ខ្លួនអាចនឹងដាក់ប្រទេសក្នុងស្ថានភាពអាសន្នសាជាថ្មីប្រសិនបើវីរុសចាប់ផ្តើមរីករាលដាលម្តងទៀត។
ដើម្បីការពារការរីករាលដាលនៃវីរុសអ្នកជំនាញផ្នែកសុខភាពនៅទូទាំងពិភពលោកបានណែនាំឲ្យប្រជាជនពាក់ម៉ាស់នៅពេលដែលពិបាករក្សាគម្លាតសង្គម ខណៈដែលប្រទេសនានាបានបន្ធូរបន្ថយការរឹតត្បិតបន្ទាប់ពីការបិទប្រទេសដោយសារវីរុសនេះ។ ប៉ុន្តែសមាគមគ្រូពេទ្យកុមារជប៉ុនបានព្រមានឪពុកម្តាយថា ម៉ាស់មានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងៗ។
សមាគមបាននិយាយថា ម៉ាស់អាចធ្វើឲ្យពិបាកដកដង្ហើម ពីព្រោះក្មេងៗមានច្រកខ្យល់តូចចង្អៀតដែលបង្កើនបន្ទុកលើបេះដូងរបស់ពួកគេ។ សមាគមបានបន្ថែមថា ម៉ាស់ក៏បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលសម្រាប់ពួកគេផងដែរ។ សមាគមបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយនៅលើគេហទំព័ររបស់ខ្លួនថា “សូមបញ្ឈប់ការប្រើប្រាស់ម៉ាស់សម្រាប់កុមារអាយុក្រោម ២ ឆ្នាំ”។ សមាគមបាននិយាយថា រហូតមកដល់ពេលនេះមានករណីឆ្លងវីរុសកូរ៉ូណាធ្ងន់ធ្ងរក្នុងចំណោមកុមារ ហើយកុមារភាគច្រើនបានឆ្លងពីសមាជិកគ្រួសារដោយស្ទើរតែគ្មានការផ្ទុះឡើងនៅសាលារៀន ឬកន្លែងមើលថែក្មេងនោះទេ។
ទន្ទឹមនោះមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក (CDC) និងបណ្ឌិត្យសភាកុមារអាមេរិកក៏បាននិយាយដែរថា កុមារអាយុក្រោម ២ ឆ្នាំមិនគួរពាក់ម៉ាស់ក្រណាត់ឡើយ៕