យន្តហោះដឹកមេទ័ពអាមេរិករងការវាយប្រហារដោយរ៉ុកែតនៅអាហ្វហ្កានីស្ថាន
យន្តហោះដឹកឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី (Martin Dempsey) នាយអគ្គសេនា ធិការចម្រុះកងទ័ពអាមេរិក ត្រូវទទួលរងការវាយប្រហារដោយគ្រាប់រ៉ុកកែត នៅក្នុង ប្រទេស អាហ្វហ្កានីស្ថាន។ ទាហានអាមេរិកពីររូបត្រូវរងរបួស ក្នុងការវាយប្រហារ នេះ។ ក៏ប៉ុន្តែ ឧត្តមសេនីយ៍ Martin Dempsey មិនទទួលរងគ្រោះថ្នាក់អ្វីនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ ដោយក្រុម អ៊ីស្លាមជ្រុលនិយមបានបាញ់រ៉ុកែតចំនួនពីរគ្រាប់ ចូលក្នុងមូលដ្ឋានទ័ពអាកាស របស់អាមេរិក ក្នុងប្រទេសអាហ្វហ្កានីស្ថាន។រ៉ុកកែតមួយគ្រាប់ត្រូវចំយន្តហោះ ដែល ដឹកឧត្តមសេនីយ៍ម៉ាទីន ដិមស៊ី (Martin Dempsey) ក្នុងពេលដែលយន្តហោះនេះ កំពុងចតនៅលើដី។
ទាហានអាមេរិកចំនួន២រូប ត្រូវរងរបួសដោយអំបែងគ្រាប់ក៏ប៉ុន្តែ មន្រ្តីអ្នកនាំពាក្យ អគ្គ សេនាធិការដ្ឋានចម្រុះអាមេរិកបានអះអាងថា ឧត្តមសេនីយ៍ Martin Dempsey មិនមានគ្រោះថ្នាក់អ្វីទេ នៅក្នុងហេតុការណ៍នេះ ពីព្រោះ លោកមិនមានវត្តមាននៅ ក្នុង ឬនៅក្បែរយន្តហោះរបស់លោកទេ នៅពេលមានការវាយប្រហារដោយគ្រាប់ រ៉ុកកែតនេះ។
គួរបញ្ជាក់ថា កន្លងមក មូលដ្ឋានទ័ពអាកាសអាមេរិកមួយនេះ តែងតែទទួលរងការ វាយប្រហារដោយគ្រាប់រ៉ុកែត ឬគ្រាប់ផ្លោងជារឿយៗ ក៏ប៉ុន្តែ មិនបានបង្កការខូច ខាត អ្វីជាធំដុំប៉ុន្មាននោះទេ។
ឧត្តមសេនីយ៍ Dempsey បានមកដល់អាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទ ដើម្បីជួបជាមួយ មន្រ្តីយោធារបស់អូតង់ និងមន្រ្តីអាហ្វហ្កានីស្ថាន ជុំវិញការវាយប្រហារបង្កឡើង ដោយ ទាហានអាហ្វហ្កានីស្ថាន ដែលបានបណ្តាលឲ្យទាហានអាមេរិក១០នាក់ ស្លាប់នៅក្នុងពីរសប្តាហ៍កន្លងទៅនេះ។ ការវាយប្រហារចេញពីផ្ទៃក្នុងកងទ័ពជាតិ អាហ្វហ្កានីស្ថាន ទៅលើកងកម្លាំងអូតង់នេះ កំពុងតែជាក្តីបារម្ភធំមួយរបស់លោក អូបាម៉ា។ ក៏ប៉ុន្តែមេទ័ពអាមេរិកបានអះអាងថា បញ្ហានេះនឹងមិនប៉ះពាល់ដល់ផែន ការដកទ័ពអាមេរិកចេញពី អាហ្វហ្កានីស្ថាន ដែលគ្រោងធ្វើនៅឆ្នាំ២០១៤នេះទេ។
ក្រោយពីបានជួបជាមួយអគ្គបញ្ជាការកងទ័ពអាហ្វហ្កានីស្ថាន ឧត្តមសេនីយ៍ Martin Dempsey បានធ្វើដំណើរចាកចេញពីអាហ្វហ្កានីស្ថាន នៅថ្ងៃអង្គារនេះ ដោយជិះ យន្តហោះមួយផ្សេងទៀត៕ដោយ សេង ឌីណា (RFI)