កឹម សុខា ផ្ញើសាររំលែកទុក្ខ ជាមួយក្រុមគ្រួសារនាយករដ្ឋមន្រ្តីកម្ពុជា (Cambodia News)

Cambodia News
នយោបាយគឺនយោបាយ តែសីលធម៌ត្រូវតែមាន នៅពេលគូប្រយុទ្ធកំពុងមានទុក្ខ!
លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង នៅព្រឹកថ្ងៃទី៤ ឧសភា នេះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន​ បានផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ការផ្ញើសារនេះបន្ទាប់ពីអ្នកម្តាយក្មេកសម្តេចតេជោ បានទទួលមរណកាលដោយរោគាពាធនាថ្ងៃទី៤ ឧសភា នាពេលទាបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ។
ខ្លឹមសារនៃសាររបស់លោក កឹម សុខា មានដូចខងក្រោម៖

សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេច ជាទីគោរពរាប់អាន,

ភរិយាខ្ញុំ និងរូបខ្ញុំ មានសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ដោយ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់សម្តេច និងជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២:១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ ។

មរណភាពរបស់មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខដោយសេចក្តីសោកស្តាយជាមួយសម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ចៅ ចៅទួត ព្រមទាំងសាច់ញាតិក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តីសង្វេគក្រៃលែង។

ភរិយាខ្ញុំ និងរូបខ្ញុំ សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ទទួលនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត អំពីភរិយាខ្ញុំ និងរូបខ្ញុំ៕

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០

កឹម សុខា

Related Articles

Back to top button
Close
Close