សម្តេចតេជោ សុំឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដូចការការពារខ្លួនពីមេរោគកូវីដ ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មីនា ២០២០) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១១ខែមីនានេះ បានផ្ញើសារជូនជនរួមជាតិឲ្យយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបំផុត ព្រោះគ្រោះថ្នាក់ចរាចរកំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាងជំងឺឆ្លងទៅទៀត។
ប្រមុខរាជរដ្ឋាភិបាលត្រូវបានបង្ហោះសារតាមទំព័រហ្វេសប៊ុកផ្លូវការដែលមានខ្លឹមសារថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមកោតរសើរចំពោះបងប្អូនជនរួមជាតិដែលយកចិត្តទុកដាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូន ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ទៀត។
ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបំផុតដែរគឺត្រូវពាក់មួកសុវត្ថិភាពនិងពាក់ខ្សែក្រវាត់ សុវត្ថិភាពពេលបើកបរគ្រប់ពេលជានិច្ច ។ ព្រោះគ្រោះថ្នាក់ចរាចរកំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាងជំងឺឆ្លងទៅទៀត ។សូមជូនពរបងប្អូនមានសុខ ភាពល្អនិងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស ។ អរគុណសន្តិភាព! »៕