សម្តេចតេជោ ៖ អាមេរិកពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក ដោយសារបញ្ហា COVID-19
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២ កុម្ភៈ ២០២០) ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការជឿជាក់ថា មូលហេតុដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងក្នុងខែមីនានេះ គឺដោយសារតែបញ្ហាវីរុសកូរ៉ូណាថ្មី COVID-19។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
សម្តេចថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំនៅតែយល់ថា មូលហេតុទីមួយស្តីអំពីការប្រយុទ្ធនឹង COVID-19 គឺជាមូលហេតុចម្បងដែលនាំឆ្ពោះទៅរកការផ្អាកនេះសិន (កិច្ចប្រជុំអាស៊ាន-អាមេរិក) ព្រោះជួបគ្នានៅពេលក្រោយក៏វាមិនទាន់យឺតពេលដែរ ប្រសិនបើត្រូវការចង់ជួប ព្រោះអាមេរិកក៏ឱ្យតម្លៃខ្ពស់ទៅលើសារៈសំខាន់ទំនាក់ទំនងរវាងអាមេរិក និងអាស៊ានដែរ»។
សូមជម្រាបថា យោងតាមលិខិតរបស់លោក ជុំសន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានសម្រេចលើកពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់វីរុសកូរ៉ូណាថ្មី៕