នៅចិនចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លង COVID-19 កើនដល់២,៦៦៣នាក់
សារព័ត៌មាន Cambodia News/
ប៉េកាំង (២៥ កុម្ភៈ ២០២០) ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថា មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៦៦៣នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៧,៦៥៨ករណី។
យោងតាមរបាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សសុរប ៥០៨នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៧១នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្នុងចំណោមមនុស្សស្លាប់ទាំង ៧១នាក់កាលពីថ្ងៃចន្ទនោះ គឺមាន ៦៨នាក់នៅក្នុងខេត្តហ៊ូប៉ី (Hubei), ០២នាក់នៅសានទុង (Shandong) និងម្នាក់នៅក្វាងទុង (Guangdong)៕