វីរុស Covid-19 ត្រូវគេអះអាងថា អាចសម្ងំក្នុងខ្លួនដល់ទៅ ២៧ថ្ងៃទើបចេញរោគសញ្ញា
សារព័ត៌មាន Cambodia News/
សុខភាព (២៤ កុម្ភៈ ២០២០) ៖ វីរុសកូរ៉ូណាថ្មី ត្រូវគេអះអាង អាចសម្ងំក្នុងខ្លួនយើងបានយូរជាងការវាយតម្លៃដំបូង ដោយមិនបញ្ចេញរោគសញ្ញានោះឡើយ ដោយសារបុរសម្នាក់ លេចចេញរោគសញ្ញាក្រោយឆ្លងវីរុស ២៧ ថ្ងៃឯណោះ។
យោងតាមភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានបុរសវ័យ ៧០ឆ្នាំ ស្ថិតក្នុងខេត្តហូប៉ី ប្រទេសចិន ត្រូវគេរកឃើញឆ្លងវីរុសកូរ៉ណាថ្មី ឬ Covid-19 ប៉ុន្តែមិនបានលេចចេញរោគសញ្ញាជំងឺផ្លូវដង្ហើមថ្មីភ្លាមៗនោះឡើយ ខណៈរោគសញ្ញា គឺលេចចេញនៅ ២៧ថ្ងៃ បន្ទាប់ពីគាត់បានឆ្លងវីរុស។
តាមការរកឃើញនេះ កំពុងធ្វើឲ្យពិភពលោកបង្ហាញក្តីបារម្ភ កាន់តែខ្លាំងឡើងពីវីរុសកាចសាហាវនេះ អាចនឹងធ្វើឲ្យកាន់តែពិបាកទប់ស្កាត់ ខណៈកាលពីមុន អ្នកវិទ្យាសាស្ត្រអះអាង និងជឿជាក់ថា វីរុសនេះ នឹងលេចចេញរោគសញ្ញាយូរបំផុតរយៈពេល ១៤ថ្ងៃ ក្រោយឆ្លងវីរុស។
ការពន្យារពេលលេចចេញរោគសញ្ញារបស់វីរុសយូរជាង ១៤ថ្ងៃ អាចធ្វើឲ្យកិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាលដាល និងព្យាបាលអ្នកវីរុស កាន់តែស្មុគស្មាញឡើង ខណៈមកទល់នឹងពេលនេះ មនុស្សជាង ២ ០០០នាក់ នៅជុំវិញពិភពលោក បានស្លាប់ដោយសារវីរុស Covid-19៕