សម្តេចតេជោ ប្រតិកម្មខ្លាំងៗ ទៅនឹងបញ្ហា EBA ថា ដកឬមិនដកវាជាសិទ្ធិរបស់គេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កុម្ភៈ ២០២០) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានប្រតិកម្មខ្លាំងៗ ទៅនឹងបញ្ហា EBA ដែលសម្តេចលើកឡើងថា ការដកឬមិនដក EBA វាជាសិទ្ធិរបស់គេ ប៉ុន្តែសម្តេចនឹងមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយសុំឲ្យគេរក្សាទុក EBA នោះទេ ។
សម្តេច ហ៊ុន សែន ក៏បានបង្ហាញនូវជំហរជាថ្មីម្តងទៀតថា សម្តេចនឹងយកអធិបតេយ្យភាព សន្តិភាពទៅដូរនឹងបញ្ហាជំនួយពីបរទេសនោះទេ ហើយសម្តេចក៏មិនមានការភ័យខ្លាចនឹងការ បាត់បង់ EBA នោះដែរ ព្រោះថា កម្ពុជាធ្លាប់រងនូវគំនាបទាំងនយោបាយនិងសេដ្ឋកិច្ចដូចគ្នាពីបរទេសច្រើនលើករួចមកហើយ ហើយយើងអាចឆ្លងកាត់បាន ។ ដូច្នេះគ្មានអ្វីដែលយើងត្រូវភ័យខ្លាចដោយគ្រាន់តែបាត់បង់ EBA នោះទេតែបើគេមិនដកក៏យើងអបអរសាទរដែរ ។
សម្តេចបន្តថា យើងចង់ធ្វើជាមិត្រភ័ក្រនិងដៃគូគ្រប់បណ្តាប្រទេសទាំងអស់ តែបើគេបង្ខំយើងធ្វើតាមគេនោះគឺមិនអាចទៅរួចនោះទេ ។
សម្តេចអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវក្រោកឈរឡើង ដើម្បីការពារអធិបតេយ្យភាព សន្តិភាពរបស់ប្រទេសកម្ពុជា យើងមិនត្រូវយកអធិបតេយ្យភាព សន្តិភាពទៅដូរយកជំនួយពីបរទេសនោះឡើយ៕