អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគីកើនដល់ ៣៦នាក់ អ្នករងរបួសជិត ២.០០០នាក់
សារព័ត៌មាន Cambodia News/
តួកគី (២៧ មករា ២០២០) ៖ មនុស្សយ៉ាងតិចណាស់ចំនួន ៣៦នាក់បានស្លាប់ និងច្រើនជាង ១.៦០៧ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភាគខាងកើតប្រទេសតួកគី ក្រោយពេលមានគ្រោះរញ្ជួយដី វាយប្រហារតំបន់នោះ កាលពីថ្ងៃសុក្រល្ងាចកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TRT Haber។
គ្រោះរញ្ជួយដីរង្វាស់ ៦,៧រ៉ិចទ័រ បានវាយប្រហារទីក្រុង Sivrice ស្ថិតនៅភាគខាងកើតខេត្ត Elazig បណ្តាលឲ្យអគារយ៉ាងតិច ១០ខ្នងបាក់រលំ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Sulyman Soylu បញ្ជាក់ដូច្នេះ។
មនុស្សចំនួន ៤៥នាក់ត្រូវបានគេជួយសង្រ្គោះយកចេញពីអគាររលំ។ អគារចំនួន ១.៥២១ ត្រូវបានអាជ្ញាធរត្រួតពិនិត្យ ហើយក្នុងចំណោមនោះមានអគារ ៧៦ខ្នងបាករលំ និង ៦៤៥ខ្នង រងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង៕ ប្រភព៖ CNN