រដ្ឋាភិបាល​ភូមា​បាន​សម្រេច​លុបចោល​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន

នៅប្រទេសភូមា រដ្ឋាភិបាលភូមាបានសម្រេចលុបចោលការត្រួតពិនិត្យលើបណ្តាញសារព័ត៌មាន។ ចាប់ពីពេលនេះ តទៅ គ្រប់សារព័ត៌មាន និងទស្សនាវដ្តីទំាងអស់មិនចំាបាច់បញ្ជូនអត្ថបទទាក់ទងនឹងរឿងនយោបាយ និងសាសនា ទៅឲ្យគណៈកម្មាធិការត្រួតពិនិត្យដើម្បីសុំការអនុញ្ញាតបោះផ្សាយដូចមុនទៀតឡើយ។តែគេត្រូវរង់ចំាមើលថា តើវិធា នាការនេះនឹងត្រូវគេយកទៅអនុវត្តឲ្យបានត្រឹមត្រូវដែរឬទេ។ថ្មីៗនេះរដ្ឋាភិបាលបានសម្រេចព្យួរការផ្សាយរបស់ទស្សនា វដ្តីប្រចំាសប្តាហ៍ចំនួនពីរ។ ឃើញថា នេះគឺជាកាយវិការមួយដែលបានបង្ហាញថា រដ្ឋអំណាចនៅមិនទាន់បានត្រៀម ខ្លួនដើម្បីបញ្ឈប់ការត្រួតពិនិត្យ ទំាងស្រុងលើបណ្តាញសារព័ត៌មានក្នុងស្រុកទេ។

តាមទ្រឹស្តី គ្មានទៀតឡើយ ការត្រួតពិនិត្យលើបណ្តាញសារព័ត៌មាននៅក្នុងប្រទេសភូមា មានន័យថា អ្នកកាសែតអាច ចុះផ្សាយគ្រប់អត្ថបទពាក់ព័ន្ធនឹងរឿងនយោបាយ និងសាសនាដោយមិនចំាបាច់សុំការអនុញ្ញាតពីរដ្ឋាភិបាលទេ។ គួរ ជម្រាបជូនថា មកទល់ពេលនេះ មុននឹងបោះផ្សាយអត្ថបទអ្វីមួយ ពិសេសអត្ថបទដែលពាក់ព័ន្ធនឹងរឿងនយោបាយ និងសាសនា អ្នកកាសែតចំាបាច់ត្រូវតែបញ្ជូនអត្ថបទរបស់ខ្លួនទៅឲ្យ គណៈកម្មាធិការត្រួតពិនិត្យ ជាមុនសិន។ បន្ទាប់ពីគណៈកម្មាធិការត្រួតពិនិត្យធ្វើការកែសម្រួលរួចហើយ ទើបអ្នកកាសែតអាចយកអត្ថបទរបស់ខ្លួនទៅចុះ ផ្សាយបាន។

ជាមួយនឹងវិធានការថ្មីនេះ រដ្ឋាភិបាលទីក្រុងណៃពីដ៏មិនបានរំលាយគណៈកម្មាធិការត្រួតពិនិត្យចោលទេ ក៏ប៉ុន្តែ គណៈ កម្មាធិការនេះនឹងលែងធ្វើការងារត្រួតពិនិត្យលើសារព័ត៌មានដូចមុនទៀតឡើយ។ តែទន្ទឹមគ្នានេះ រដ្ឋាភិបាលបាន បង្កើតចេញនូវក្រុមប្រឹក្សាសារព័ត៌មានភូមាមួយ។ ក្រុមប្រឹក្សានេះមានតួនាទីជាអ្នកសិក្សាលើគ្រប់បញ្ហាដែលជាប់ ពាក់ព័ន្ធនឹងសារព័ត៌មាន។

យ៉ាងណាក៏ដោយ ក្រុមអ្នកកាសែតភូមានៅមិនទាន់ហ៊ានសម្តែងការត្រេកត្រអាលរបស់ខ្លួននៅឡើយទេ ដោយពួក គេរង់ចំាមើលការអនុវត្តន៍ជាក់ស្តែងរបស់រដ្ឋាភិបាលជាមុនសិន។គួររម្លឹកជូនថាការពីចុងខែកក្កដាកន្លងទៅមានទស្សនា វដ្តីប្រចំាសប្តាហ៍ចំនួនពីរបានត្រូវរដ្ឋអំណាចផ្អាក សកម្មភាពមួយរយៈ បន្ទាប់ពីបានចុះផ្សាយអត្ថបទរបស់ខ្លួន ដោយ មិនបានបញ្ជូនអត្ថបទទៅឲ្យគណៈកម្មាធិការត្រួតពិនិត្យជាមុន។ តែបន្ទាប់ពីមានការតវ៉ាប្រឆំាងពីសំណាក់ក្រុម អ្នកកាសែតមក ទើបរដ្ឋាភិបាលអនុញ្ញាតឲ្យទស្សនាវដ្តីប្រចំាសប្តាហ៍ទំាងពីរនោះមាន ដំណើរការជាធម្មតាឡើងវិញ។

ម្យ៉ាងទៀត អ្នកកាសែតភាគច្រើនបានយល់ឃើញថា ក្រុមប្រឹក្សាសារព័ត៌មានភូមាដែលទើបបង្កើតឡើង ដោយមាន សមាជិកតែងតំាងដោយរដ្ឋាភិបាល និងដឹកនំាដោយអតីតចៅក្រមនោះ នឹងគ្មានឯករាជ្យទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close