មនុស្ស២នាក់ស្លាប់ ក្នុងការផ្ទុះជំងឺរលាកសួតនៅប្រទេសចិន
សារព័ត៌មាន Cambodia News/
ចិន (១៧ មករា ២០២០) ៖ មន្ដ្រីសុខាភិបាលក្នុងតំបន់បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៦ខែមករាថាមនុស្ស២នាក់បានស្លាប់ដោយសារជំងឺរលាកសួតនៅទីក្រុងវូហានរបស់ប្រទេសចិនបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមប្រភពពី CNA ។
គណៈកម្មការសុខភាពក្រុងវូហានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា បុរសវ័យ៦៩ឆ្នាំត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយអាការៈឈឺតម្រងនោមខុសប្រក្រតី និងសារីរាង្គ ជាច្រើននៃរាង្គកាយរងការខូចខាត ហើយអ្នកជំងឺនេះបានបាត់បង់ជីវិតកាលពីថ្ងៃទី១៥ ខែមករា ។
ជំងឺរលាកសួតចំនួន៤១ករណីត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងវូហានដែលការធ្វើតេស្តិ៍មន្ទីរពិសោធន៍បឋមបង្ហាញថា ជំងឺរលាកសួតនេះបង្កឡើងដោយប្រភេទមេរោគ coronavirus ថ្មីមួយ ដែលអាចបង្កមានជំងឺចាប់ពីផ្ដាសាយធម្មតា រហូតដល់មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលមានលក្ខណៈសឹងតែស្រដៀងមេរោគ SARS។
អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សសរុបចំនួន៧៦៣នាក់ត្រូវបានគេដាក់ឱ្យស្ថិតនៅក្រោមការសង្កេតនៅក្នុងទីក្រុងវូហានបន្ទាប់ពីបានចូលទៅជិតអ្នកជំងឺ។ ក្នុងចំណោមនោះមានមនុស្ស៦៤៤ នាក់ត្រូវបានឲ្យចាកចេញពីផ្ទះ ហើយ ១១៩ នាក់ទៀតបន្តស្ថិតនៅក្រោមការតាមដាននៅឡើយ៕