រាជរដ្ឋាភិបាល​ប្រកាស​យក​ថ្ងៃទី​២០ ខែវិច្ឆិកា ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​​ចំពោះ​ការ​​យាង​​សោយ​​ព្រះ​​ពិរាល័យ​​របស់​​សម្តេច​​រាជ​បុត្រី ព្រះ​រៀម នរោត្តម បុប្ផា​ទេវី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៩ វិច្ចិកា ២០១៩) ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានប្រកាស​យក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះការ​យាង​សោយ​ព្រះ​ពិរាល័យ​របស់​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដើម្បី​ជាការ​រម្លឹក​ដល់​ព្រះ​គុណបំណាច់​ដ៏​ធំធេង​របស់​ព្រះអង្គ​ចំពោះ​ជាតិ មាតុភូមិ​កម្ពុជា​ជាពិសេស​លើ​ផ្នែក​សិល្បៈ វប្បធម៌ អរិយធម៌ និងជាការ​គោរព​ដល់​ព្រះរាជវង្សានុវង្ស​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​យក​ថ្ងៃទី​២០​ខែវិច្ឆិកាឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅក្នុង​ពិធី​ជួប​សំណេះសំណាលជាមួយនឹង​កីឡាករ​កីឡា​ការិ​នី​កម្ពុជា​ដែល​ត្រៀម​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​នា​ល្ងាច​ថ្ងៃទី ១៨ ខែវិច្ឆិកា​នេះ​នៅ​វិមាន​សន្តិភាព​។​

​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែលជា​បុត្រ​ច្បង​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា​បាន​សោយ ព្រះ​ពិរាល័យ​នា​វេលា​ម៉ោង​១២ៈ៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ​ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ដោយ​ជរាពាធ​ ក្នុង​ជ​ន្មា​យុ​៧៧​ព្រះវស្សា​។​

​សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​ព្រះរាជបុត្រី​ច្បង​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ​។ ព្រះអង្គ​ត្រូវជា​ព្រះរៀមបង្កើត​មាតា​ទីទៃ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

Related Articles

Back to top button
Close
Close