សារលិខិតសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១ វិច្ឆិកា ២០១៩) ៖ ក្នុងឱកាស នៃការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវសារលិខិតអបអរសាទរ និងជំរុញឱ្យកូនៗ សិស្សានុសិស្សដែលត្រូវគ្រប់អាយុ បានចូលរៀនគ្រប់គ្នា។
សម្តេចតេជោក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាម រយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ប្រាប់ដល់ក្មួយៗជាសិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិយើង ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន។ គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូល កុមារចូលរៀន និងត្រៀមលក្ខណៈតាមគ្រប់រូបភាព ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញបង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការពង្រាយគ្រូបង្រៀន ឲ្យបានដល់គ្រប់សាលារៀន និងការបន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ជាពិសេសការពង្រឹង ការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំផងដែរ៕
សូមជូនពរ សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ កូនក្មួយ ចៅៗ សិស្សានុសិស្ស ទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងការសិក្សាគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៩-២០២០៕