មនុស្សបាត់បង់ជីវិតឡើងដល់ ៣៥នាក់ ខណៈព្យុះទីហ្វុង Hagibis វាយប្រហារប្រទេសជប៉ុន
សារព័ត៌មាន Cambodia News/
ជប៉ុន (១៤ តុលា ២០១៩) ៖ ក្រុមមន្ត្រី និងសារព័ត៌មានក្នុងស្រុកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់បានធ្វើការពេញមួយព្រឹកព្រលឹមថ្ងៃច័ន្ទនេះ ដើម្បីទៅដល់មនុស្សដែលជាប់ដោយបំណាក់ដី និងទឹកជំនន់នៅក្នុងប្រទេសជប៉ុន ដែលបណ្ដាលមកពីព្យុះទីហ្វុងដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សរហូតដល់ ៣៥នាក់។
លំនៅឋានចំនួន ៣៧៦០០០ខ្នងពុំមានអគ្គិសនីប្រើប្រាស់ និងលំនៅឋាន ១៤០០០ខ្នងខ្វះទឹកប្រើប្រាស់ ខណៈលំនៅឋានមួយចំនួនទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារកម្លាំងទឹកជំនន់។ ព្យុះ Hagibis បានបោះពួយចេញពីដីគោកកាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលព្យុះនេះបានបក់រំលងរាជធានី ព្យុះនេះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញផ្លូវនានានៅជុំវិញតំបន់មួយចំនួន។
រដ្ឋាភិបាលបានកំណត់ចំនួនអ្នកបាត់បង់ជីវិត ១៤នាក់ដោយមានមនុស្ស ១១នាក់បាត់ខ្លួន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៣៥នាក់បានបាត់បង់ជីវិត ហើយយ៉ាងហោចណាស់ ១១នាក់នៅតែបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis នេះបានបោកបក់ទៅលើកោះហុងស៊ូ របស់ប្រទេសជប៉ុនកាលពីរាត្រីថ្ងៃសៅរ៍ ដែលជាព្យុះមួយដ៏មានឥទ្ធិពលខ្លាំងក្លាបំផុត ក្នុងចំណោមព្យុះទីហ្វុវនានានៅក្នុងឆ្នាំថ្មីៗនេះ ដែលបាននាំកម្លាំង ២១៦គីឡូម៉ែត្រក្នុង ១ម៉ោង៕