វីដេអូអប់រំរឿង “ធ្វើបុណ្យខុស” ដាស់ស្មារតីរបស់កូនៗមុនរដូវភ្ជុំបិណ្ឌ
សារព័ត៌មាន Cambodia News
ភ្នំពេញ (៣០ សីហា ២០១៩) ៖ ខ្សែវីដេអូខ្លីបែបអប់រំ “រឿង ធ្វើបុណ្យខុស” របស់ផលិតកម្ម ដុំហ្វីល The Reel ដែលជាផលិតកម្មថ្មីចូលរួមសហការផលិតជាមួយ មរតកមេឌៀ បានធ្វើឲ្យអ្នកទស្សនារំជួលចិត្តនឹងសាច់រឿង និងជួយរំលឹកដាស់ស្មារតីរបស់កូនៗគ្រប់រូបនឹកគិតដល់សុខទុក្ខអ្នកមានគុណគឺឪពុកម្តាយកាន់តែខ្លាំង ។
ពាក្យធ្វើបុណ្យខុស បានក្លាយជាពាក្យចាប់អារម្មណ៍ថ្មី បន្ទាប់ពីវីដេអូបែបអប់រំប្រមាណ៣នាទីនេះបានផ្សាយលើផេកយូធូប អត្ថន័យខ្លឹមសារនៃសាច់រឿងក៏បានចាក់ចំអារម្មណ៍អ្នកទស្សនាឲ្យរំជួលចិត្តទៅតាមសាច់រឿងនិងធ្វើឲ្យអ្នកទស្សនានឹកទៅដល់អ្នកមានគុណភ្លាមៗ ។
សាច់រឿង “ធ្វើបុណ្យខុស” ហាក់ចង់អប់រំប្រជាជនឲ្យចេះធ្វើបុណ្យឲ្យចេះគិតគួរព្រះរស់នៅផ្ទះ និងមានគោលបំណងជំរុញលើកទឹកចិត្ត និងដាស់ស្មារតីរបស់កូនៗ ដែលមិនមានពេលវេលាគ្រប់គ្រាន់ នៅជិតមើលថែអ្នកមានគុណ និងធ្វើបុណ្យជាមួយមនុស្សដែលស្រឡាញ់ថ្នាក់ថ្នម បារម្ភយើងគ្រប់ពេលវេលាគឺឪពុកម្តាយ ៕ ដោយ៖ ហេង នាង