យន្តហោះចម្បាំងប្រេស៊ីលព្យាយាមពន្លត់អណ្ដាតភ្លើងឆេះព្រៃរអាម៉ាហ្សូន
សារព័ត៌មាន Cambodia News/
ប្រេស៊ីល (២៧ សីហា ២០១៩) ៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃចន្ទម្សិលមិញថា ភ្លើងថ្មីៗរាប់រយកន្លែងបានឆាបឆេះកាន់តែខ្លាំង នៅក្នុងតំបន់អាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីល បើទោះបីជាយន្តហោះយោធាបានបាចទឹក នៅលើតំបន់ដែលរងគ្រោះខ្លាំងក៏ដោយ ហើយប្រទេស G7 បានសន្យាថានឹងជួយប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។
ផ្សែងបានគ្របដណ្ដប់ទីក្រុង Port Velho និងបង្ខំឱ្យបិទអាកាសយានដ្ឋានរយៈពេលជិត ២ម៉ោង ខណៈដែលភ្លើងបានឆាបឆេះនៅក្នុងរដ្ឋ Rondonia ភាគពាយ័ព្យ ជាកន្លែងដែលការខិតខំប្រឹងប្រែងពន្លត់សម្រុកខ្លាំងជាងគេ ស្របពេលមានការអំពាវនាវជាសកលកាន់តែកើនឡើង និងជម្លោះការទូតរវាងបារាំង និងប្រេស៊ីល។
កាលពីថ្ងៃអាទិត្យយន្តហោះ C-130 Hercules ចំនួន ២គ្រឿងផ្ទុកទឹករាប់ពាន់លីត្រ បានចាប់ផ្ដើមបាញ់ពន្លត់ភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ បំផ្លាញកំណាត់ព្រៃធំបំផុតនៅលើពិភពលោក ដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ក្នុងការទប់បម្រែបម្រួលបរិយាកាស។
សង្គ្រាមសម្ដីកើតឡើងនៅពេលដែលក្រុមប្រទេស G7 កំពុងជួបប្រជុំនៅប្រទេសបារាំងភាគនិរតី បានព្រមព្រៀងផ្ដល់ថវិកា ២០លានដុល្លារអាមេរិកជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ដែលភាគច្រើននឹងបញ្ជូនយន្តហោះពន្លត់ភ្លើង។ ទោះបីជាប្រហែល ៦០% នៃព្រៃអាម៉ាហ្សូនស្ថិតនៅក្នុងប្រទេសប្រេស៊ីលក្តី ព្រៃដ៏ធំនេះក៏លាតសន្ធឹងលើផ្នែកជាច្រើនរបស់ប្រទេស ឬដែនដីចំនួន ៨ផ្សេងទៀតដែរ៕