ហានិភ័យមួយចំនួននៃការលេងល្បែងភ្នាល់អនឡាញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ សីហា ២០១៩) ៖ បច្ចុប្បន្នសង្កេតឃើញថា ល្បែងអនឡាន (Online Gambling) កំពុងពេញនិយមយ៉ាងខ្លាំង និងបានអូសទាញយុវវ័យកម្ពុជាធ្លាក់ក្នុងអន្លង់ដោយពុំបានដឹងខ្លួន តាមរយៈកម្មវិធីទូរស័ព្ទដៃ កម្មវិធីលើគេហទំព័រ បានធ្វើឲ្យចំនួនអ្នកលេង ឬភ្នាល់មានការកើនឡើងយ៉ាងគំហុក និងពិបាកក្នុងការគ្រប់គ្រង។
ដោយមើលឃើញនូវបញ្ហានេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សូមធ្វើការលើកយកនូវហានិភ័យមួយចំនួននៃការលេងល្បែងភ្នាល់អនឡាញ មកជម្រាបជូនបងប្អូនពលរដ្ឋកម្ពុជា ដូចខាងក្រោម ៖
អំពីហានិភ័យ៖
- ជនអនាមិកអាចធ្វើការជ្រៀតចូលគណនីអនឡាញរបស់អ្នក ដោយមធ្យោបាយលួចលេខសម្ងាត់តាមរយៈវិស្វកម្មបណ្តាញសង្គម Phishing (បញ្ឆោតវាយលេខសម្ងាត់លើកម្មវិធីទូរស័ព្ទដៃ ឬលើគេហទំព័រ)។
- កម្មវិធីល្បែងអនឡាយមួយចំនួន អាចធ្វើការប្រើប្រាស់ WebCam ឬឧបករណ៍ស្រូបសម្លេងក្នុងទូរស័ព្ទ ឬម៉ាស៊ីនកុំព្យទ័ររបស់អ្នក នឹងអាចធ្វើការថត ឬលួចស្តាប់ ដោយអ្នកពុំបានដឹងខ្លួន។
- ទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័ររបស់អ្នក អាចឆ្លងមេរោគ (Trojan Horse, RAT, spyware) នៅពេលទាញយក និងដំឡើងកម្មវិធី បន្ទាប់មកជនអនាមិកអាចលួចព័ត៌មានផ្សេងៗ ព្រមទាំងធ្វើការគ្រប់គ្រង់ទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័រពីចម្ងាយ ដោយអ្នកពុំបានដឹងខ្លួន។
- អ្នកអាចជួបបញ្ហា ឬរងគ្រោះពីកម្មវិធី Chatrooms ដែលមានក្នុងកម្មវិធីល្បែងអនឡាញ ឧទាហរណ៍៖ ការជ្រៀតចូលឯកជនភាព ការបញ្ឆោតចុចលើតំណរភ្ជាប់ និងការចម្លងមេរោគផ្សេងៗ។
- ព័ត៌មានបុគ្គល ស្ថានភាពហិរញ្ញវត្ថុ របស់អ្នកអាចត្រូវបានចែកចាយទៅបុគ្គលផ្សេងទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
- ចាញ់បញ្ឆោតក្នុងការបើកគណនីលេងល្បែង ជាថ្នូរនឹងការទទួលបាននូវប្រាក់រង្វាន់ផ្សេងៗ
- លេងល្បែងអនឡាញ រហូតក្លាយជាទំលាប់ ញៀនមិនអាចឈប់បាន ធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ បាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់សុខភាព។
- ចូលរួមក្នុងក្រុមល្បែង ចាញ់បញ្ឆោត ប្រើប្រាស់គ្រឿងញៀន និងធ្លាក់ចូលក្នុងសកម្មភាពល្មើសច្បាប់ផ្សេងៗ។
ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដល់បងប្អូនពលរដ្ឋកម្ពុជា មេត្តាជៀសឲ្យឆ្ងាយពីល្បែងអនឡាញខុសច្បាប់ ព្រោះវានឹងនាំនូវបញ្ហាផ្សេងៗ ដូចដែលបានរៀបរាប់ខាងលើ៕