ការបំផ្ទុះគ្រាប់បែកតាមផ្លូវលើរថយន្តក្រុងសម្លាប់មនុស្ស ៣៤នាក់នៅភាគខាងលិចអាហ្វហ្គានីស្ថាន
សារព័ត៌មាន Cambodia News/
អាហ្វហ្គានីស្ថាន (០១ សីហា ២០១៩) ៖ ក្រុមមន្ត្រីបានអះអាងថា ការបំផ្ទុះគ្រាប់បែកតាមផ្លូវត្រូវចំរថយន្តក្រុងដឹកអ្នកដំណើរ ស្ថិតនៅខេត្តភាគខាងលិចហ្វារ៉ាប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិល ៣៤នាក់ និង ១៧នាក់ផ្សេងទៀតរងរបួស។
លោក ម៉ូលីប៊ូឡា ម៉ូហ៊ីប អ្នកនាំពាក្យស្នងការនគរបាលខេត្តនិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរតាមផ្លូវហាយវ៉េ Kandahar-Herat ស្ថិតនៅក្នុងស្រុកបាឡាប៊ូលូក ពេលដែលវារងការបំផ្ទុះគ្រាប់បែកបង្កប់តាមផ្លូវ របស់ក្រុមឧទ្ទាមតាលីបង់កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដានេះ។
ដោយឡែកលោក សេឌីក សេឌីគី អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធ្វើការថ្កោលទោសផងដែរលើក្រុមឧទ្ទាមតាលីបង់ ដែលពួកគេមិនទាន់បានប្រកាសទទួលស្គាល់ភ្លាមៗនោះទេ ចំពោះការបំផ្ទុះគ្រាប់បែកតាមផ្លូវនេះ។ សូមបញ្ជាក់ថា ក្រុមឧទ្ទាមតាលីបង់តែងតែធ្វើសកម្មភាពក្នុងតំបន់នោះ ហើយពួកគេប្រើប្រាស់គ្រាប់បែកបង្កប់តាមផ្លូវ ដើម្បីមានគោលដៅលើមន្ត្រីរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន៕