កម្ពុជាដោះដូរឯកអគ្គរាជទូតនៅហ្វីលីពីន
ដោយ សយ ដុល្លា
លោក ហើស សិរីធន ត្រូវបានផ្លាស់ប្តូរ ដោយលោកស្រី ទួតបញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេសដែលត្រូវបានក្រសួងតែងតាំងធ្វើជាឯកអគ្គរាជទូតកម្ពុជាថ្មីនៅប្រទេសហ្វីលីពីនជំនួស នេះបើតាមការប្រកាសឲ្យដឹងរបស់ ក្រសួងការបរទេស។
លោក កុយ គួង អ្នកនាំពាក្យការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសហ្វីលីពីន នៅពេលនេះ ជារឿងធម្មតាប៉ុណ្ណោះ មិនមែនមកពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនោះទេ។ លោកបានបន្តទៀតថា កន្លងមក ” ខ្ញុំសង្កេតឃើញឯកអគ្គរដ្ឋទូតមកកម្ពុជាក៏អីចឹងដែរ។ ខ្លះបានមួយឆ្នាំតិចតួច គាត់ត្រូវការផ្លាស់ប្តូរទៅវិញ។ គាត់ដាក់ឯកអគ្គរដ្ឋទូតថ្មីមកវិញ។ ដូច្នេះជារឿងធម្មតាទេ អត់មានអីជារឿងប្លែកទេ“។
លោក ហើស សិរីធន អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន បានសរសេរលិខិតតបនឹងអត្ថបទកាសែតហ្វីលីពីន The Phillipines Star ដោយប្រតិកម្មទៅលើអត្ថបទចុះផ្សាយ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ សរសេរដោយអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្រោមចំណងជើងថា “តើមានរឿងរ៉ាវអ្វីកើតឡើងនៅទីក្រុងភ្នំពេញ?”។ អត្ថបទនោះ បានរិះគន់កម្ពុជា លើបរាជ័យ ដែលមិនបានចេញសេចក្តីថ្លែងការណ៍រួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ នៅទីក្រុងភ្នំពេញ កាលពីដើមខែកក្កដា។
ក្នុងអត្ថបទរបស់អតីតឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសហ្វីលីពីន លោក ហើស សិរីធន បានចោទប្រកាន់ប្រទេសហ្វីលីពីន ថា មាននយោបាយកខ្វក់ នៅពីក្រោយ នៃជំហរមិនអាចពិភាក្សា និងបត់បែនបាន របស់ទីក្រុងម៉ានីល លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដែលបានរារាំងមិនឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន រកឯកភាពរួម ដើម្បីចេញសេចក្តីថ្លែងការណ៍បានឡើយ។