ក្រុមបាតុករអាវខ្មៅ ឈានដល់ដំណាក់កាលទាមទារឱ្យមេដឹកនាំហុងកុងចុះចេញពីតំណែង
សារព័ត៌មាន Cambodia News/
ហុងកុង (១៧ មិថុនា ២០១៩) ៖ ក្រុមបាតុករអាវខ្មៅរាប់ម៉ឺននាក់បានដង្ហែក្បួនតាមដងផ្លូវនៅកណ្តាលក្រុងហុងកុង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញដើម្បីទាមទារឱ្យមេដឹកនាំនៃតំបន់រដ្ឋបាលពិសេសនេះចុះចេញពីតំណែង បន្ទាប់ពីសេចក្តីព្រាងច្បាប់ «បត្យាប័ន» ត្រូវបានព្យួរ។ នេះបើតាមសារព័ត៌មាន Channel News Asia។
ក្រុមបាតុករក៏បានទាមទារឱ្យមានការដកចេញទាំងស្រុង ជាជាងការព្យួរច្បាប់ ដែលបានបង្កឱ្យមានការតវ៉ាដ៏ធំ នៅលើការភ័យខ្លាចថា វាអាចជំរុញឥទ្ធិពលរបស់ចិនកុម្មុយនិស្ត និងបំផ្លាញសិទ្ធិសេរីភាពនៅក្នុងទឹកដីហុងកុងនេះ។
ក្រុមអ្នកតវ៉ាបានកាន់ផ្កា និងកាន់បដា ដែលសរសេរថា «កុំបាញ់ យើងជាអ្នកហុងកុង» ពោលគឺពួកគេមានបំណងចង់បញ្ចៀសមិនឱ្យមានអំពើហិង្សាកើតឡើង ដូចករណីប៉ូលិសបាញ់គ្រាប់កំាភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកទៅហ្វូងបាតុករ កាលពីថ្ងៃពុធកន្លងទៅឡើយ។
កាលពីថ្ងៃសៅរ៍មេដឹកនាំហុងកុងដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំង គឺលោកស្រី Carrie Lam បានប្រកាសពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់បត្យាប័ន ដែលជាច្បាប់មួយអាចអនុញ្ញាតឱ្យបញ្ជូនមនុស្ស (អ្នកទោស) ទៅកាន់ចិនដីគោក ដើម្បីកាត់ទោស។
គម្រោងបង្កើតច្បាប់នេះ បានធ្វើឱ្យមានការរិះគន់ថា នឹងប៉ះពាល់ដល់ច្បាប់របស់ហុងកុង និងកិត្តិនាមលើឆាកអន្តរជាតិរបស់ក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ៕