តុលាការចោទប្រកាន់ជាផ្លូវការលើឃាតកសម្លាប់ក្មេង២នាក់នៅខេត្តព្រះសីហនុ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ មិថុនា ២០១៩) ៖ ជនល្មើសឈ្មោះ មៀង វិចិត្រ ដែលជាប់សង្ស័យករណីឃាតកម្ម រំលោភសម្លាប់កុមារីឈ្មោះ ផា ស្រីល័ក្ខ និងកុមារាឈ្មោះ ផា សុខលី ខេត្តព្រះសីហនុ ត្រូវបានតំណាងអយ្យការ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ចោទប្រកាន់ជាផ្លូវការតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចំនួន ២បទល្មើសគឺ៖
ទី១-បទឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ មាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ។
ទី២-បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជនសង្ស័យអាយុ២៦ឆ្នាំរូបនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ នគរបាលខេត្តព្រៃវែង និងអង្គការCPU ឃាត់ខ្លួននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកមេសាង ខេត្តព្រៃវែង។
សូមរំលឹកថា ឃាតកម្មដ៏ព្រៃផ្សៃនេះកើតឡើងកាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុជាង១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុប្រហល៣ឆ្នាំដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។
ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ ៕