អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះស្រាវជ្រាវករណីត្រីឆ្អើរបង្កប់គ្រាប់ដែកដាក់លក់នៅផ្សារលើ
សារព័ត៌មាន Cambodia News/
កំពង់ឆ្នាំង (៣០ ឧសភា ២០១៩) ៖ រយៈពេលប៉ុន្មានថ្ងៃនេះ វីដេអូដែលប្រជាពលរដ្ឋបានទិញត្រីឆ្អើរ ដោយមានបង្កប់គ្រាប់ដែកនៅក្នុងពោះត្រី ដែលអ្នកបង្ហោះអះអាងថា ទិញនៅផ្សារលើទីរួមខេត្តកំពង់ឆ្នាំងត្រូវបានគេចែកចាយយ៉ាងខ្លាំង ចំពោះករណីនេះម្នាក់ៗគិតថា ដើម្បីថ្លឹងទៅអោយបានធ្ងន់ ហើយមួយទៀតវាក៏អាចធ្វើអោយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពផងដែរ។
ក្រោយទទួលបានវីដេអូមួយនេះ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍កំពង់ឆ្នាំង បានស្នើសុំគោលការណ៍ទៅកាន់អគ្គព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវករណីនេះ ដើម្បីឈានទៅដល់ការចាត់វិធានការតាមផ្លូវច្បាប់ ក្នុងគោលបំណងជួយកាត់បន្ថយបទល្មើសមួយនេះ។
តាមវីដេអូ ដែលត្រូវបានចែកចាយ នៅលើបណ្ដាញសង្គម Facebook នោះ ប្រជាពលរដ្ឋដែលបានទិញត្រីឆ្អើរ នៅក្នុងផ្សារលើ ហើយពេលហែកពោះត្រីឃើញសុទ្ធតែគ្រាប់ខ្ចៅដែក បង្កប់នៅខាងក្នុង ទំនងជាអ្នកលក់ចង់បានទម្ងន់ ងាយស្រួលចំណេញលុយពីអ្នកទិញ ប៉ុន្ដែពួកគេមិនបានគិតពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់ប្រជាជននោះឡើយ៕ ដោយ ៖ សហការី