សម្តេចតេជោ បង្ហាញការដាស់តឿនដល់កសិករក្នុងការត្រៀមលក្ខណៈសម្រាប់ធ្វើកសិកម្ម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ ឧសភា ២០១៩) ៖ ព្រឹកថ្ងៃទី២២ខែឧសភានេះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវការអបអរចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័លដែលកំពុងប្រព្រឹត្តទៅនៅខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពនៃអង្គព្រះមហាក្សត្រកម្ពុជា។ ជាមួយគ្នានោះសម្តេចក៏បានបង្ហាញនូវការដាស់តឿនខ្លះដល់កសិករក្នុងការត្រៀមលក្ខណៈសម្រាប់ធ្វើកសិកម្មនៅឆ្នាំនេះដែរ។
ក្នុងផេកផ្លូវការរបស់សម្តេចតេជោហ៊ុនសែន បានសរសេរថា ថ្ងៃនេះជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះបានធ្វើឡើងនៅខេត្តតាកែវ។
សម្តេចតេជោបន្តថា ព្រះរាជពិធីច្រត់ព្រះនង្គ័លគឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
សម្តេចក៏បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និងរីករាយក្នុងថ្ងៃឈប់សម្រាកនេះ៕