ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹងប្រារព្ធឡើងនៅខេត្តតាកែវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ ឧសភា ២០១៩) ៖ នៅថ្ងៃទី២២ ឧសភាស្អែកនេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនឹងធ្វើឡើងនៅលើទីលានតារាងបាល់ទាត់ គិរីវង់សុខសែនជ័យ នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ ព្រះរាជពិធីមួយនេះមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ការប្រារព្ធព្រះរាជពិធីនេះក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕