លោក ប្រាយុទ្ធ ជិតក្លាយជានាយករដ្ឋមន្ត្រីសាជាថ្មី
សារព័ត៌មាន Cambodia News/
ថៃ (៩ ឧសភា ២០១៩) ៖ ទីភ្នាក់ងារបោះឆ្នោតថៃកាលពីថ្ងៃពុធទី ៨ ឧសភា បានចេញផ្សាយលទ្ធផល ដែលធ្វើឱ្យក្រុមគណបក្សចម្រុះដឹកនាំដោយគណបក្សភឿថៃមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា ដោយជួយផ្តល់ឱកាសដល់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នូវការត្រឡប់ទៅរកតំណែងនាយករដ្ឋមន្ត្រីសាជាថ្មី។
លទ្ធផលនៃការបោះឆ្នោតថ្ងៃទី ២៤ មីនា ត្រូវចេញផ្សាយនៅល្ងាចថ្ងៃពុធ ចំពេលមានភាពចម្រូងចម្រាស បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីព្រឹកថ្ងៃពុធបានបញ្ជាក់ជាថ្មីអំពីអំណាចរបស់គណៈកម្មការរៀបចំការបោះឆ្នោត (EC) ក្នុងការសម្រេចចិត្តលើវិធីសាស្ត្ររបស់ខ្លួនក្នុងការបែងចែកអាសនៈតំណាងរាស្ត្រគិតតាមសមាមាត្រ។
សភាជាន់ទាបនាពេលអនាគតគឺត្រូវបង្កើតឡើងចេញពីសមាជិកសភាចំនួន ៣៥០ រូបដែលជាប់ឆ្នោតដោយផ្ទាល់ពីមណ្ឌលបោះឆ្នោត និងអាសនៈនៃ “បញ្ជីគណបក្ស” ចំនួន ១៥០ ទៀតត្រូវបានបែងចែកអាស្រ័យទៅតាមសមាមាត្រនៃសន្លឹកឆ្នោតសរុបដែលគណបក្សនីមួយៗទទួលបាន។
យោងតាមការគណនារបស់ទីភ្នាក់ងារបោះឆ្នោតនេះបានឱ្យដឹងថា ជាមួយការបោះឆ្នោតរៀបចំឡើងវិញមួយនៅកំពុងធ្វើឡើងដើម្បីស្វែងរកអាសនៈមួយនៅខេត្តឈៀងម៉ៃភាគខាងជើងនៅថ្ងៃទី ២៦ ខែឧសភា សម្ព័ន្ធភាពដែលមាន៧គណបក្សរបស់បក្សភឿថៃគឺមានអាសនៈសរុបចំនួន ២៤៥ ប៉ុណ្ណោះនៅក្នុងសភាតំណាងរាស្ត្រដែលមានអាសនៈសរុបចំនួន ៥០០៕