យន្តហោះរុស្ស៊ីផ្ទុះឆេះពេលចុះក្នុងគ្រាអាសន្នបណ្តាលឲ្យមនុស្សយ៉ាងតិច៤០នាក់ស្លាប់
សារព័ត៌មាន Cambodia News/
មូស្គូ (៦ ឧសភា ២០១៩) ៖ មនុស្សយ៉ាងតិច៤០នាក់បានស្លាប់នៅពេលយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Aeroflotមួយបានផ្ទុះឆេះក្នុងពេលចុះចតគ្រាអាសន្ននៅអាកាសយានដ្ឋានSheremetyevoក្នុងទីក្រុងមូស្គូ។
យន្តហោះSukhoi SSJ100របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិAeroflot បានដឹកអ្នកដំណើរ៧៣នាក់និងនាវិក៥នាក់នៅពេលវាចុះចតជាមួយនឹងអណ្តាតភ្លើងនិងផ្សែងខ្មៅ។
អ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបញ្ជាក់ប្រាប់នៅដើមថ្ងៃចន្ទទី៦ឧសភានេះថា មនុស្ស៤១នាក់បានបាត់បង់ជីវិត តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិយាយថា៣៨នាក់បាត់បង់ជីវិត។ ជនរងគ្រោះរួមមានសមាជិកនាវិកម្នាក់និងក្មេងជំទង់យ៉ាងតិច២នាក់។
អាជ្ញាធរអាកាសយានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានចេញដំណើរពីអាកាសយានដ្ឋានSheremetyevoតែបានហោះវិលមកវិញដោយសារហេតុផលបច្ចេកទេសនិងបានចុះបុកផ្ទប់ដីខ្លាំងដែលបង្កជាអគ្គិភ័យឡើង៕