អ្នកក្រីក្រ ពិសេសអ្នកសំទានតាមផ្លូវ នឹងទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មេសា ២០១៩) ៖ យោងតាម គេហទំព័រក្រសួងព័ត៌មាន រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញរីទ្ធ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានគិតគូរ ដល់អ្នកក្រីក្រ ពិសេសអ្នកសំទានតាមផ្លូវ ដោយបានធ្វើជាប័ណ្ណ សមធម៌ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ពួកគេពេលមានជំងឺ ចូលពេទ្យសម្រាកព្យាបាល ដោយឥតគិតថ្លៃ ហើយអ្នកទៅ កំដរក៏រដ្ឋផ្តល់ជាថវិកា ជូនផងដែរ។
នៅក្នុងប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រោមឱវាទ ក្រសួងព័ត៌មានកាលពីម្សិលមិញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា គោលនយោបាយនេះ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់សេវាថែទំាសុខភាព សាធារណ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាព ព្យាបាលជំងឺ។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងថា រាជរដ្ឋាភិបាលក៏បានខិតខំ ជួយមន្រ្តីរាជការ កម្មករ កម្មការិនី តាមបណ្តារោងចក្រ សហគ្រាស និងកងកម្លាំងប្រដាប់ អាវុធទូទាំងប្រទេសឲ្យទទួលបាន សេវាថែទាំនិងពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ តាមរយៈការចូលជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ៕ ដោយ ៖ ហេង នាង