ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យរួមគ្នាថែរក្សាមរតកប្រាក់រៀល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ មេសា ២០១៩) ៖ ក្នុងពិធីសម្ពោធសារមន្ទីរសេដ្ឋ កិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ខ្មែរ តាំងពីសម័យកាលហ្វូណន នៅថ្ងៃទី៨ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់ធនាគារជាតិ និងអ្នកពាក់ព័ន្ធ រួមគ្នាថែរក្សានូវមរតកប្រាក់រៀល និងប្រមែប្រមូលនូវប្រវត្តិសាវតា នានាពាក់ព័ន្ធរូបិយវត្ថុរបស់កម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា ប្រាក់រៀល របស់កម្ពុជា នាពេលបច្ចុប្បន្ន បានមានកំណើត ជាថ្មី ចាប់ពីខែមីនា ឆ្នាំ១៩៨០ ដែលមកដល់ពេលនេះ មានអាយុ៣៩ឆ្នាំហើយ។ ក្រដាសប្រាក់ចោល ត្រូវបានបំផ្លាញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលកាលនោះ ការដោះដូរទំនិញរបស់កម្ពុជា នៅក្រោយ របបប៉ុល ពត ដួលរលំ គឺយកទំនិញ ទៅដោះដូរនឹងទំនិញ។
សម្ដេចតេជោ បានឱ្យដឹងដឹងថា ប៉ុន្តែមុនពេលកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ត្រីភាគី ក៏បានទាមទារឱ្យលុបចោលប្រាក់រៀលផងដែរ ដែលបញ្ហានេះ ត្រូវ បានជំទាស់ ដោយសម្តេច បានលើកឡើងថា វាជារឿងសោកស្តាយបំផុត ដែលក្រុមត្រីភាគី នាពេលនោះ បានទាមទារ ឱ្យលុបចោលប្រាក់រៀល។ ដោយបច្ចុប្បន្ន កម្ពុជា អាចបោះក្រដាសប្រាក់ដោយខ្លួនឯង ជាមួយ នឹងម៉ាស៊ីនទំនើបៗ។ ប្រាក់រៀល ជាឆ្អឹងខ្នង សេដ្ឋកិច្ចជាតិ ដ៏សំខាន់ផងដែរ៕