រថយន្តក្រុង១២០គ្រឿង ត្រៀមដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ មេសា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈរបស់ សាលារាជធានីភ្នំពេញ ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា ការសម្រេចបញ្ចេញរថយន្តក្រុង សាធារណៈ ចំនួន១២០គ្រឿងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៩ ដោយសារតែសម្តេចធុញទ្រាន់ ក្នុងការនិយាយជាមួយក្រុមហ៊ុនឯកជន ដែលតែងតែដំឡើងថ្លៃឈ្នួលរថយន្ត ក្នុងឱកាសបុណ្យចូលឆ្នាំ។
លើសពីនេះទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល៧ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏អាចជិះរថយន្តក្រុងសាធារណៈ និងការដឹកជញ្ជូនតាមកាណូត ដោយមិនគិតថ្លៃផងដែរ។
ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ក្នុងពិធីពិសាបាយសាមគ្គី ជាមួយកីឡាករ កីឡាការិនីជាង៤ពាន់នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ៕